រកឃើញ​វត្ថុ​អវកាស​ដែល​ភ្លឺ​ជាង​គេ​បង្អស់​ក្នុង​ចក្រវាល

វត្ថុអវកាស​មួយ​ដែល​ទើប​ត្រូវ​បាន​រកឃើញ​ មិន​ត្រឹម​តែ​ជា​ឃ្វីហ្សា (quasar) ដែល​ភ្លឺ​ជាង​គេ​នោះ​ទេ តែ​ក៏​ជា​វត្ថុ​អវកាស​ដែល​បញ្ចេញ​ពន្លឺ​​ខ្លាំង​ជាង​គេ​មិន​ធ្លាប់​​​បាន​រកឃើញ​ពី​មុន​​ផងដែរ​។

ឃ្វីហ្សា J0529-4351 ស្ថិត​នៅ​ឆ្ងាយ​ពី​ផែនដី​ដល់​ថ្នាក់ ពន្លឺ​របស់​វា​ត្រូវ​ការ​ពេលវេលា​​ 12 ពាន់​លាន​ឆ្នាំ​ទើប​ធ្វើ​ដំណើរ​មក​ដល់​ផែនដី​។ ថាមពល​របស់​វា​បាន​មក​ពី​ប្រហោង​ខ្មៅ (black hole) ដែល​កំពុង​រីក​មាឌ​យ៉ាង​ឆាប់​រហ័ស​បំផុត​ដែល​ក្រុម​អ្នកវិទ្យាសាស្ត្រ​ធ្លាប់​បាន​ជួប​ប្រទះ​។ Black hole នេះ​ស៊ីវត្ថុ​អវកាស​ប៉ុន​ព្រះ​អាទិត្យ​ជា​រៀង​រាល់​ថ្ងៃ​។ នេះ​បើ​តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដែល​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃទី 19 កុម្ភៈ នៅ​លើ​ទស្សនាវដ្ដី Nature Astronomy។

ជា​រៀង​រាល់​ឆ្នាំ Black hole ដែល​ស្ថិត​នៅកណ្ដាល​ J0529-4351 «ស៊ី» ឬ​ប្រមូល​ផ្ដុំ​ឧស្ម័ន និង​ធូលី​បាន​ប្រហាក់​ប្រហែល​នឹង​ព្រះ​អាទិត្យ​ចំនួន​ 370 ដួង​។ ប្រការ​នេះ​ធ្វើ​ឱ្យ J0529-4351 ភ្លឺ​ជាង​ 500 លាន​លាន​ដង បើ​ធៀប​នឹង​ព្រះ​អាទិត្យ​។

ក្រុម​អ្នក​ស្រាវជ្រាវ​គណនា​ឃើញ​ថា អង្កត់ផ្ចិត​របស់​ J0529-4351 ​វែង​​ជាង​ប្រហែល 45,000 ដង បើ​ធៀប​នឹង​ចម្ងាយ​ពី​ផែនដី​ទៅ​ព្រះ​អាទិត្យ​។

ឃ្វីហ្សា (quasar មក​ពី​ពាក្យ​ quasi-stellar object – វត្ថុ​មានរូបរាង​ដូច​ផ្កាយ) គឺជា​តំបន់​ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​កាឡាក់ស៊ី​នានា​ និង​មាន​ផ្ទុក​ប្រហោង​ខ្មៅមហា​យក្ស​ដែល​ព័ន្ធ​ជុំវិញ​ដោយ​ធូលី និង​ឧស្ម័ន​ក្ដៅ​៕

Advertisement