វត្ថុអវកាសមួយដែលទើបត្រូវបានរកឃើញ មិនត្រឹមតែជាឃ្វីហ្សា (quasar) ដែលភ្លឺជាងគេនោះទេ តែក៏ជាវត្ថុអវកាសដែលបញ្ចេញពន្លឺខ្លាំងជាងគេមិនធ្លាប់បានរកឃើញពីមុនផងដែរ។
ឃ្វីហ្សា J0529-4351 ស្ថិតនៅឆ្ងាយពីផែនដីដល់ថ្នាក់ ពន្លឺរបស់វាត្រូវការពេលវេលា 12 ពាន់លានឆ្នាំទើបធ្វើដំណើរមកដល់ផែនដី។ ថាមពលរបស់វាបានមកពីប្រហោងខ្មៅ (black hole) ដែលកំពុងរីកមាឌយ៉ាងឆាប់រហ័សបំផុតដែលក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់បានជួបប្រទះ។ Black hole នេះស៊ីវត្ថុអវកាសប៉ុនព្រះអាទិត្យជារៀងរាល់ថ្ងៃ។ នេះបើតាមលទ្ធផលនៃការស្រាវជ្រាវដែលត្រូវបានប្រកាសកាលពីថ្ងៃទី 19 កុម្ភៈ នៅលើទស្សនាវដ្ដី Nature Astronomy។
ជារៀងរាល់ឆ្នាំ Black hole ដែលស្ថិតនៅកណ្ដាល J0529-4351 «ស៊ី» ឬប្រមូលផ្ដុំឧស្ម័ន និងធូលីបានប្រហាក់ប្រហែលនឹងព្រះអាទិត្យចំនួន 370 ដួង។ ប្រការនេះធ្វើឱ្យ J0529-4351 ភ្លឺជាង 500 លានលានដង បើធៀបនឹងព្រះអាទិត្យ។
ក្រុមអ្នកស្រាវជ្រាវគណនាឃើញថា អង្កត់ផ្ចិតរបស់ J0529-4351 វែងជាងប្រហែល 45,000 ដង បើធៀបនឹងចម្ងាយពីផែនដីទៅព្រះអាទិត្យ។
ឃ្វីហ្សា (quasar មកពីពាក្យ quasi-stellar object – វត្ថុមានរូបរាងដូចផ្កាយ) គឺជាតំបន់ដែលស្ថិតនៅចំកណ្ដាលកាឡាក់ស៊ីនានា និងមានផ្ទុកប្រហោងខ្មៅមហាយក្សដែលព័ន្ធជុំវិញដោយធូលី និងឧស្ម័នក្ដៅ៕