រក​ឃើញ​ភព​ថ្មី​មួយ​ទៀត​ដែល​ស្ថិត​ក្នុង​តំបន់​អំណោយ​ផល​ដល់​ជីវិត

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រកឃើញ​ផែនដី​យក្ស​មួយទៀត​ដែល​​ស្ថិត​ក្នុងតំបន់​ដែល​អាច​រស់​នៅ​បាន​ និង​វិល​ជុំ​វិញ​ផ្កាយ​មេ​ដែល​មាន​ចម្ងាយ​ពី​ព្រះអាទិត្យ​ 137 ឆ្នាំ​ពន្លឺ​។

ភព​ខាងលើ​ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា TOI-715b វិល​ជុំវិញកូន​ផ្កាយ​ក្រហម​មួយ​ដួង​ មាន​ទំហំតូច​ជាង​ព្រះ​អាទិត្យ​របស់​មនុស្ស​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ភព​ថ្មី​នេះ​តាម​រយៈ​ការ​ប្រើ​ប្រាស់​ផ្កាយ​រណប​តេឡេស្កុប TESS របស់​ណាសា​។ យោង​តាម​ CNN ដែល​បាន​ចុះ​ផ្សាយ​​កាល​ពី​ថ្ងៃទី 10 កុម្ភៈ 2024 ព័ត៌មាន​ខាង​លើ​​ត្រូវ​បាន​ប្រកាស​លើ​ទស្សនាវដ្ដី Monthly Notices of the Royal Astronomical Society។

TOI-715b ធំជាង​ផែនដី​ 1.5 ដង ហើយ​មួយ​ឆ្នាំ​របស់​វា​គឺ​មាន​តែ​ 19 ថ្ងៃ​។ TOI-715b ស្ថិត​នៅ​ក្បែរ​ផ្កាយ​មេ​របស់​វា ដែល​នេះ​ អនុញ្ញាត​ឱ្យ​ទឹក​មាន​សភាព​រាវ​ ដែល​ជា​អំណោយ​ផល​ល្អ​ដល់​ការ​កកើត​ជីវិត​​។

អ្នក​ស្រាវ​ជ្រាវ​ឱ្យ​ដឹងថា ឆាប់ៗ​ខាងមុខ​នេះ ភព TOI-715b នឹង​ត្រូវ​បាន​សង្កេត​ដោយ​តេឡេស្កុប​អវកាស​ James Webb ហើយ​បរិយាកាស​របស់​វា​នឹង​ត្រូវ​បាន​បញ្ជាក់​៕

Advertisement