នៅរាត្រីបុណ្យណូអែល ថ្ងៃទី 24 ធ្នូ 2023 យានអវកាសមួយគ្រឿងនឹងត្រូវបានបាញ់បង្ហោះឡើងទៅកាន់ឋានព្រះចន្ទ ដើម្បីបំពេញបេសកកម្មពាណិជ្ជកម្មមួយដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនាពេលកន្លង។ នេះបើតាម Space.com ដែលបានចុះផ្សាយកាលពីដើមខែនេះ។
យានអវកាសនេះមានឈ្មោះថា យានចុះចតឋានព្រះចន្ទ Peregrine (ឬហៅថា ស្ទាំងទេព របស់ផែនដី) ដែលដាក់ឈ្មោះទៅតាមឈ្មោះសត្វស្ទាំង Peregrine ដែលហោះលឿនជាងគេលើពិភពលោក។
បើសិនគ្រប់យ៉ាងដំណើរការរលូនទៅតាមផែនការ «ស្ទាំងទេព» របស់ផែនដី នឹងចុះចតលើផ្ទៃព្រះចន្ទ ត្រង់តំបន់ដែលមានជ្រលងកម្អែភ្នំភ្លើងបុរាណនៅលើឋានព្រះចន្ទ ដែលត្រូវបានហៅថា Sinus Viscositatis។
បេសកកម្មនេះនឹងត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ ព្រោះវាជាបេសកកម្មដំបូងដែលបាញ់បង្ហោះទៅតាមគំនិតផ្ដួចផ្ដើម សេវាកម្មដឹកជញ្ជូនបែបពាណិជ្ជកម្មឡើងទៅកាន់ឋានព្រះចន្ទ (CLPS) របស់ទីភ្នាក់ងារអវកាសអាម៉េរិក (NASA)។ នេះក៏ជាលើកដំបូងដែលបច្ចេកវិទ្យារបស់ប្រទេសចំនួន 7 ត្រូវបានបាញ់បង្ហោះរួមគ្នាឡើងទៅកាន់ផ្ទៃព្រះចន្ទ។
ទំនិញចំនួន 20 ចំណែក មកពី 7 ប្រទេស នឹងត្រូវបាន «ស្ទាំងទេព» Peregrine នាំឡើងទៅកាន់ទីឋានរណបរបស់ផែនដី។ ក្នុងនោះ ទំនិញ 5 ចំណែកមកពី សហរដ្ឋអាម៉េរិក។ ក្រៅពីនេះ គឺជាទំនិញរបស់ អង់គ្លេស ម៉ិចស៊ិច អាល្លឺម៉ង់ ហុងគ្រី ជប៉ុន និងប្រទេសសីស្ហែល (Seychelles) នៅទ្វីបអាហ្វ្រិក។
ដោយការប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ បេសកកម្មស្រាវជ្រាវឋានព្រះចន្ទរបស់ប្រទេសចំនួន 7 នេះ ត្រូវបានរំពឹងថា នឹងនាំមកនូវព័ត៌មាន/ទិន្នន័យសំខាន់ៗសម្រាប់អ្នកវិទ្យាសាស្ត្រ។
តាមគម្រោង យានចុះចត Peregrine នឹងធ្វើដំណើរតាមរយៈជើងហោះហើរដំបូងរបស់រ៉ុក្កែត Vulcan Centaur ដែលផលិតដោយក្រុមហ៊ុនអាម៉េរិក United Launch Alliance៕