កាលពីថ្ងៃទី 05 ធ្នូ ទីភ្នាក់ងារស្រាវជ្រាវអវកាសជប៉ុន ចាសា (JAXA) បានប្រកាសថា នឹងបញ្ជូនយានអវកាស SLIM (Smart Lander for Investigating Moon) ឡើងទៅកាន់ឋានព្រះចន្ទនៅថ្ងៃទី 20 មករា ឆ្នាំ 2024។
នេះគឺជាការប្រឹងប្រែងដើម្បីចុះចតដោយ «ថ្នមៗ» លើផ្ទៃព្រះចន្ទជាលើកដំបូងរបស់យានអវកាសជប៉ុន ដែលគ្រោងនឹងធ្វើឡើងនៅវេលាម៉ោង 12 ថ្ងៃត្រង់ នៃថ្ងៃទី 20 ខែមករា ឆ្នាំ 2024 (ម៉ោងក្នុងស្រុក)។ ដំណើរការចុះចតនឹងធ្វើឡើងក្នុងរយៈពេល 20 នាទី និងត្រូវបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍។
យោងតាម ចាសា យានចុះចត SLIM ដែលមានបណ្ដោយ 2.7 ម៉ែត្រ នឹងហោះចូលដល់គន្លងតារាវិថីព្រះចន្ទនៅថ្ងៃទី 25 ធ្នូ ឆ្នាំ 2023 ហើយប្រហែលមួយខែក្រោយមក វានឹងធ្វើការចុះចត។ បើសិនជោគជ័យ ជប៉ុននឹងក្លាយជាប្រទេសទីប្រាំដែលមានយានចុះចតលើឋានព្រះចន្ទ បន្ទាប់ពី សូវៀត អាម៉េរិក ចិន និងឥណ្ឌា។
ចាសាឱ្យដឹងថា យានចុះចត SLIM នឹងនាំយករ៉ូបូតស្រាវជ្រាវពីរគ្រឿងទៅតាមខ្លួន។ រ៉ូបូតទាំងនេះនឹងត្រូវបានដាក់ពង្រាយលើផ្ទៃព្រះចន្ទ បន្ទាប់ពីបានចុះចត។
បេសកកម្ម SLIM មិនមែនជាការសាកល្បងចុះចតលើឋានព្រះចន្ទជាលើកដំបូងរបស់ ប្រទេសជប៉ុននោះទេ។ មុននោះ កាលពីដើមឆ្នាំនេះ យានចុះចតរបស់ជប៉ុន Hakuto-R ក៏បានទទួលជោគជ័យក្នុងការហោះចូលដល់គន្លងតារាវិថីព្រះចន្ទ បើទោះជាក្រោយមកវាបានបរាជ័យក្នុងការចុះចតលើឋានរណបមួយនេះ៕