«អំណោយពិសេស» ពីព្រះអាទិត្យលើឋានព្រះចន្ទ បើកកកាយនូវអាថ៌កំបាំងស្ដីពីប្រភពនៃវត្ថុធាតុទ្រទ្រង់ជីវិត និងបើកផ្លូវឱ្យមានក្ដីសង្ឃឹមថ្មីនៅក្នុងការស្រាវជ្រាវទីអវកាស។
ក្រុមអ្នកស្រាវជ្រាវមួយមកពីមន្ទីរពិសោធន៍របស់ទ័ពជើងទឹកអាម៉េរិក (NRL) បានបង្ហើបឱ្យដឹងអំពីការរកឃើញដ៏គួរឱ្យចាប់អារម្មណ៍ ទាក់ទងនឹងសំណាកដី 79221 ដែលយកពីឋានព្រះចន្ទ។
ដោយការប្រើប្រាស់បច្ចេកទេសរបស់កែវពង្រីកអតិសុខុមទស្សន៍អេឡិចត្រុង (មីក្រូទស្សន៍អេឡិចត្រុង) ក្រុមអ្នកវិទ្យាសាស្ត្រខាងលើបានរកឃើញអ៊ីដ្រូសែននៅក្នុងបណ្ដាគ្រាប់រ៉ែ apatite និង merrillite ដែលបានប្រែប្រួលដោយសារអាកាសធាតុពីអវកាស ក្រោមឥទ្ធិពលរបស់ខ្យល់ព្រះអាទិត្យ។ នេះអាចបញ្ជាក់បានថា ដីលើឋានព្រះចន្ទ កំពុងលាក់អ៊ីដ្រូសែន។
អ៊ីដ្រូសែនដែលជាវត្ថុធាតុដ៏មានតម្លៃ បើសិនជាត្រូវបានទាញយកពីព្រះចន្ទ វានឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការស្រាវជ្រាវទីអវកាស និងបកស្រាយបានអំពីប្រភពដើមរបស់ទឹកលើឋានមួយនេះ៕