តំណាងមន្ទីរវប្បធម៌ និងកីឡានៃទីក្រុងហូជីមិញ ឱ្យដឹងថា បានក្ដាប់បានព័ត៌មាន និងកំពុងសហការជាមួយនឹងភាគីពាក់ព័ន្ធ ដើម្បីមានចំណាត់ការលើ TikToker វៀតណាម ហឿ ក្វុកអាញ់ (Hua Quoc Anh) ដែលបានបង្ហោះវីដេអូបង្ហាញពីទិដ្ឋភាពអង្គរបស់កម្ពុជា ប៉ុន្តែបន្ថែមរូបភាពស្ដេចថៃ និងទង់ជាតិថៃ។
ការបញ្ជាក់ខាងលើនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី 16 វិច្ឆិកា 2023 ដោយលោក ឡាំ ង៉ូហ្វាំងអាញ់ ប្រធានមន្ទីរវប្បធម៌ និងកីឡា នៃទីក្រុងហូជីមិញ ជាទីដែល TikToker ហឿ ក្វុកអាញ់ រស់នៅ។
ប្រធានមន្ទីររូបនេះឱ្យដឹងថា ក្រោយពីមានរបាយការណ៍ផ្លូវការ មន្ទីរវប្បធម៌ និងកីឡារបស់ទីក្រុងហូជីមិញ នឹងសហការ ក៏ដូចជាមានមិតសមស្របចំពោះបញ្ហាដែលពាក់ព័ន្ធ។
ចំណែកលោក ហ្វាំ ង៉ុក អនុប្រធានមន្ទីរខាងលើក៏បានឱ្យដឹងថា ដោយសារតែការរំលោភបំពានច្បាប់របស់ TikToker វៀតណាម ហឿ ក្វុកអាញ់ កើតឡើងនៅខាងក្រៅប្រទេសវៀតណាម ទើបអាជ្ញាធរវៀតណាមត្រូវការការបញ្ជាក់ឱ្យបានច្បាស់លាស់ មុននឹងមានចំណាត់ការ។
មុននោះ នៅលើទំព័រ TikTok របស់ខ្លួន ហឿ ក្វុកអាញ់ បានបង្ហោះវីដេអូមួយបង្ហាញពីនារីម្នាក់ស្លៀកឈុតពណ៌ផ្កាឈូក កាន់ដំបង ដើរក្នុងបរិវេណប្រាសាទអង្គរវត្តរបស់កម្ពុជា។ វីដេអូនេះបានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងក្លាពីអ្នកលេងបណ្ដាញសង្គម ពិសេសគឺប្រជាជនកម្ពុជា ព្រោះថា ក្នុងវីដេអូដែលថតទិដ្ឋភាពអង្គរវត្ត បែរជាត្រូវបានបញ្ចូលរូបភាពទង់ជាតិថៃ ក៏ដូចជាស្ដេចថៃ និងសំឡេងនិយាយ «Hello Thailand» ជាបន្តបន្ទាប់។
ក្រោយមក នៅថ្ងៃទី 12 វិច្ឆិកា អាជ្ញាធរជាតិអប្សរា ក៏ប្រកាសថា វីដេអូដែលបាននិយាយខាងលើនេះគឺប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌរបស់កម្ពុជា។
ក្រោយពីត្រូវបានមហាជនរិះគន់ខ្លាំងក្លានៅលើបណ្ដាញសង្គម ជនជាតិវៀតណាម ហឿ ក្វុកអាញ់ ក៏បានបង្ហោះវីដេអូសូមអភ័យទោសកាលពីព្រឹកថ្ងៃទី 14 វិច្ឆិកា។
បន្ទាប់មក TikToker រូបនេះក៏បានលុបវីដេអូនេះលើ Facebook, TikTok។ ទំព័រ TikTok របស់ជននេះដែលមានអ្នកតាមដានជាង 700,000 នាក់ក៏ត្រូវបានបិទ ក្រោយពីមានបញ្ហានេះ។ ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ កំហឹងរបស់មហាជន ពិសេសគឺជនជាតិខ្មែរ នៅតែមិនអាចរសាយ។
នេះមិនមែនជាលើកដំបូងឡើយដែល TikToker ម្នាក់នេះ បង្កឱ្យមានការរិះគន់លើបណ្ដាញសង្គម។ កន្លងមក ជននេះក៏ធ្លាប់បានបញ្ចេញមតិខុសឆ្គងទាក់ទងនឹងរឿងសាសនា វប្បធម៌របស់ជនជាតិមួយចំនួនផងដែរ៕