ការសិក្សាស្រាវជ្រាវមួយរបស់អង់គ្លេសបានបង្ហាញទីតាំងដែលកំពុងលាក់បាំងភពក្រៅប្រព័ន្ធព្រះអាទិត្យយ៉ាងតិចពីរ ដែលមានទ្វីប «ចាស់» ជាងផែនដីរហូតដល់ប្រាំពាន់លានឆ្នាំ និងអាចមានជីវិតដែលជឿនលឿនជាងមនុស្ស។
ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Cardiff (អង់គ្លេស) បានឱ្យដឹងថា នៅជុំវិញផ្កាយពីរដួងដែលមានឈ្មោះថា HD 76932 និង HD 201991 អាចមានលាក់បាំងភពយ៉ាងតិចពីរដែលកកើតទ្វីបមុនផែនដីរហូតដល់ចាប់ពី 4 ទៅ 5 ពាន់លានឆ្នាំ។
យោងតាម Live Science ខាងលើនេះគឺជាលទ្ធផលនៃការចម្រាញ់ពីផ្កាយ 29 ដួងដែលត្រូវបានចាត់ទុកថា មានសក្ដានុពលក្នុងការគាំទ្រឱ្យមានការកកើតភពទាំងឡាយដែលអាចទ្រទ្រង់ជីវិត។
ជាងនេះទៀត ក្រុមអ្នកស្រាវជ្រាវនេះក៏ជឿថា ភពដែលវិលជុំវិញផ្កាយ HD 76932 និង HD 201991 ទំនងជាមានជីវមណ្ឌល (Biosphere) ជឿនលឿនជាងផែនដីទៅទៀត។ ប្រការនេះនាំឱ្យមានការរំពឹងថា រយៈពេលពីបួនដល់ប្រាំពាន់លានឆ្នាំ បានអនុញ្ញាតឱ្យភពទាំងនេះមានភាវៈរស់ ឬមានអរិយធម៌ជឿនលឿនជាងអ្វីដែលកំពុងកើតមាននៅលើផែនដី។
ក្រុមស្រាវជ្រាវកំណត់បាន «ដែនដីដែលមានសក្ដានុពល» សម្រាប់ភាវៈរស់នេះ តាមរយៈការរកឃើញអ៊ុយរ៉ាញ៉ូម-239 និងប៉ូតាស្យូមក្នុងបរិមាណច្រើន ដែលមាននៅក្នុងផ្កាយទាំងពីរដួងខាងលើ ក៏ដូចជាអាយុរបស់ផ្កាយដែលត្រូវបានវាស់ស្ទង់ដោយផ្កាយរណប Gaia របស់ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA)។
យោងតាមរបាយការណ៍នៅលើ Research Notes of the American Astronomical Society ផ្កាយ HD 76932 និងផ្កាយ HD 201991 មានចម្ងាយពីផែនដីប្រហែល 70 និង 110 ឆ្នាំពន្លឺ (មួយឆ្នាំពន្លឺមានចម្ងាយប្រហែល 9.46 (9,460,000,000,000) ទ្រីលានគីឡូម៉ែត្រ) និងស្ថិតតំបន់ជាយរបស់កាឡាក់ស៊ីមីលគីវ៉េ។ ផែនដីរបស់មនុស្សក៏ស្ថិតនៅក្នុងតំបន់ក្បែរជាយកាឡាក់ស៊ីនេះផងដែរ៕