ណាសា​រកឃើញ​ផ្កាយ​ពីរ​ដួង​បុក​គ្នាយ៉ាង​ខ្លាំង​ក្លា​រហូត​ដល់ «​បង្កើត​បាន​ជា​មាស»

ដោយ​ការ​ប្រើ​ប្រាស់​តេឡេស្កុប​អវកាស​ James Webb (JWST) ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រកឃើញ​ករណី​ផ្ទុះ​កាំរស្មី​ហ្គាម៉ា (GRB) ដ៏​មហា​ចែង​ចាំង​។ នេះ​គឺជា​ករណី​ប៉ះទង្គិច​គ្នា​ដ៏​ខ្លាំង​ក្លា​រវាង​ផ្កាយ​ណឺត្រុង​ពីរ​ដួង​។

ករណី​ផ្ទុះ​ក្នុង​ទីអវកាស​ដ៏កម្រ​ដែល​​​​ត្រូវ​បាន​ហៅ​ថា គីឡូណូវ៉ា (Kilonova) នេះ ខ្លាំង​រហូត​ដល់​អាច​បង្កើត​បាន​ជា​មាស​ ប្លាទីន និង​អ៊ុយរ៉ាញ៉ូម​ក្នុង​ទីអវកាស​។

ការ​ស្លាប់​របស់​ផ្កាយ​ណឺត្រុង​ពីរ​ដួង​

ករណី​ផ្ទុះ​គីឡូណូវ៉ា កើត​ឡើង​នៅ​ពេល​ផ្កាយ​ណឺត្រុង​ពីរ​ដួង​ (ជា​ផ្កាយ​ខ្នាត​យក្ស​ដែល​ត្រូវ​បែក​ធ្លាយ) ស្រូប​ទាញ​គ្នា​ ហើយ​ចុង​ក្រោយ​ក៏ប៉ះ​ទង្គិច​នឹង​គ្នា​។ ការ​ប៉ះទង្គិច​ខ្លាំងក្លា​នេះ​ត្រូវ​បាន​ហៅ​ថា ការ​ផ្ទុះ​កាំរស្មី​ហ្គាម៉ា ដែល​បញ្ចេញ​រលក​ថាមពល​នៃ​កាំរស្មី​អ៊ុលត្រាវីយូឡេ អ៊ីនហ្វ្រារ៉េដ និងកាំរស្មីអ៊ិច។ ករណី​ផ្ទុះ​នេះ​ត្រូវ​បាន​ណាសា​ដាក់​ឈ្មោះ​ឱ្យ​ថា GRB 230307A។

អ្នកវិទ្យាសាស្ត្រប្រើប្រាស់តេឡេស្កុបអវកាស James Webb (JWST) ក្នុងការតាមរកករណីផ្ទុះកាំរស្មីហ្គាម៉ា (GRB) ដ៏មហាចែងចាំងនេះ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​ខាងលើ​បាន​ប្រើប្រាស់​តេឡេស្កុបអវកាស James Webb ដើម្បី​តាម​ដាន​ការ​ធ្វើ​ដំណើរ​របស់​បណ្ដា​ផ្កាយ​ណឺត្រុង​ មុន​ពេល​ពួក​វា​ផ្ទុះ​។ ពួក​វា​គឺជា​ផ្កាយ​ពីរ​ដួង​នៅ​ក្នុង​ប្រព័ន្ធ​ផ្កាយ​ភ្លោះ​ដែល​ស្ថិត​នៅ​ក្នុង​កាឡាក់ស៊ី​រាង​គូទ​ខ្យង​មួយ​។ ផ្កាយ​មួយដួង​ក្នុង​ចំណោម​នេះ​បាន​ផ្ទុះ បន្សល់​ទុក​ផ្កាយ​ណឺត្រុង​មួយ​ដួង​ ហើយ​ក្រោយ​មក ​ការ​ផ្ទុះ​នេះ​ក៏​បាន​កើត​ឡើង​ចំពោះ​ផ្កាយ​ដែល​នៅ​សល់​។

អ្នក​វិទ្យាសាស្ត្រ​មាន​បំណង​ស្វែង​រក​បន្ថែម​នូវ​ករណី​ប៉ះទង្គិច​នានា​ដែល​បង្កើត​បាន​ជា​ការផ្ទុះ​កាំរស្មី​ហ្គាម៉ា ដើម្បី​កំណត់​មូលហេតុ​ ក៏​ដូចជា​ឱ្យ​ដឹងច្បាស់​​ថា តើ​ធាតុ​នានា​មាន​ការ​ពាក់​ព័ន្ធ​ទៅ​នឹង​​​ដំណើរ​ការ​នេះ​ ឬ​អត់​៕

Advertisement