ដោយការប្រើប្រាស់តេឡេស្កុបអវកាស James Webb (JWST) ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញករណីផ្ទុះកាំរស្មីហ្គាម៉ា (GRB) ដ៏មហាចែងចាំង។ នេះគឺជាករណីប៉ះទង្គិចគ្នាដ៏ខ្លាំងក្លារវាងផ្កាយណឺត្រុងពីរដួង។
ករណីផ្ទុះក្នុងទីអវកាសដ៏កម្រដែលត្រូវបានហៅថា គីឡូណូវ៉ា (Kilonova) នេះ ខ្លាំងរហូតដល់អាចបង្កើតបានជាមាស ប្លាទីន និងអ៊ុយរ៉ាញ៉ូមក្នុងទីអវកាស។
ការស្លាប់របស់ផ្កាយណឺត្រុងពីរដួង
ករណីផ្ទុះគីឡូណូវ៉ា កើតឡើងនៅពេលផ្កាយណឺត្រុងពីរដួង (ជាផ្កាយខ្នាតយក្សដែលត្រូវបែកធ្លាយ) ស្រូបទាញគ្នា ហើយចុងក្រោយក៏ប៉ះទង្គិចនឹងគ្នា។ ការប៉ះទង្គិចខ្លាំងក្លានេះត្រូវបានហៅថា ការផ្ទុះកាំរស្មីហ្គាម៉ា ដែលបញ្ចេញរលកថាមពលនៃកាំរស្មីអ៊ុលត្រាវីយូឡេ អ៊ីនហ្វ្រារ៉េដ និងកាំរស្មីអ៊ិច។ ករណីផ្ទុះនេះត្រូវបានណាសាដាក់ឈ្មោះឱ្យថា GRB 230307A។
ក្រុមអ្នកវិទ្យាសាស្ត្រខាងលើបានប្រើប្រាស់តេឡេស្កុបអវកាស James Webb ដើម្បីតាមដានការធ្វើដំណើររបស់បណ្ដាផ្កាយណឺត្រុង មុនពេលពួកវាផ្ទុះ។ ពួកវាគឺជាផ្កាយពីរដួងនៅក្នុងប្រព័ន្ធផ្កាយភ្លោះដែលស្ថិតនៅក្នុងកាឡាក់ស៊ីរាងគូទខ្យងមួយ។ ផ្កាយមួយដួងក្នុងចំណោមនេះបានផ្ទុះ បន្សល់ទុកផ្កាយណឺត្រុងមួយដួង ហើយក្រោយមក ការផ្ទុះនេះក៏បានកើតឡើងចំពោះផ្កាយដែលនៅសល់។
អ្នកវិទ្យាសាស្ត្រមានបំណងស្វែងរកបន្ថែមនូវករណីប៉ះទង្គិចនានាដែលបង្កើតបានជាការផ្ទុះកាំរស្មីហ្គាម៉ា ដើម្បីកំណត់មូលហេតុ ក៏ដូចជាឱ្យដឹងច្បាស់ថា តើធាតុនានាមានការពាក់ព័ន្ធទៅនឹងដំណើរការនេះ ឬអត់៕