តំណាង​រាស្ត្រ​អ៊ីស្រាអែល​ស្នើ​ឱ្យ​ប្រើ​អាវុធ​ប្រល័យលោក​លើ​ហាម៉ាស

ផ្សែងបាញ់ឡើងលើអាកាសនៅពេលអ៊ីស្រាអែលវាយប្រហារតាមអាកាសលើទីក្រុងហ្គាហ្សាកាលពីថ្ងៃទី 10 តុលា 2023 (AFP)

លោក​ស្រី Revital Gotliv ដែលជា​តំណាង​រាស្ត្រ​មក​ពី​បក្ស​កាន់​អំណាច​នៅ​ប្រទេស​អ៊ីស្រាអែល​ បាន​អំពាវនាវ​ឱ្យ​មាន​ការ​ប្រើ​ប្រាស់មីស៊ីល​បំពាក់​ក្បាល​គ្រាប់​​នុយក្លេអែរ​​ឆ្លើយ​តប​នឹង​ក្រុម​ហាម៉ាស​ ដើម្បី​ស្ដារសន្តិសុខ​ជាតិ​។

«ចូរ​ប្រើប្រាស់​មីស៊ីល Jericho! គំនិត​របស់​ខ្ញុំ​គឺ​ថា ចូរ​ប្រើ​ប្រាស់​អាវុធ​ប្រល័យ​លោក​! សូម​ព្រះ​ថែ​រក្សា​ការ​ពារ​កម្លាំង​របស់​យើង» លោក​ស្រី Revital Gotliv ​តំណាង​រាស្ត្រ​មក​ពី​បក្ស​កាន់​អំណាច​របស់​នាយក​រដ្ឋមន្ត្រី Benjamin Netanyahu កាល​ពី​ថ្ងៃទី 09 តុលា បាន​សរសើរ​លើ​បណ្ដាញ​សង្គម X ​ដូច្នេះ​។

Jericho គឺជា​មីស៊ីល​អន្តរទ្វីប​ (ICBM) របស់​ប្រទេស​អ៊ីស្រាអែល ដែល​អាច​វាយ​ប្រហារ​លើ​គ្រប់​តំបន់​ក្នុង​ពិភពលោក​។ អ៊ីស្រាអែល​ត្រូវ​បាន​គេ​ជឿ​ថា មាន​ក្បាល​គ្រាប់​នុយក្លេអែរ​ពី 100 ទៅ 200 គ្រាប់​ ប៉ុន្តែ​រដ្ឋាភិបាលប្រទេស​នេះ​មិន​បាន​ទទួល​ស្គាល់​ ឬ​បដិសេធ​ព័ត៌មាន​នេះ។

លោក​ស្រី Revital Gotliv បន្ត​ថា «អ៊ីស្រាអែល​ត្រូវ​តែ​ប្រើ​ប្រាស់​អាវុធ​គ្រប់​ធុន​ដែល​មាន​នៅ​ក្នុង​ឃ្លាំង​របស់ខ្លួន»។

មតិរបស់​លោក​ស្រី Revital Gotliv ត្រូវ​បាន​លើក​ឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ហាម៉ាស ដែល​ជា​ក្រុម​ប្រដាប់​អាវុធ​កំពុង​គ្រប់​គ្រង​តំបន់​ហ្គាហ្សា កាល​ពី​ថ្ងៃទី 07 តុលា បាន​បាញ់​មីស៊ីល​រាប់​ពាន់​គ្រាប់ និងប្រើ​ប្រាស់​កម្លាំង​ជើង​គោក អាកាស និង​ជើង​ទឹក​ ​វាយ​ប្រហារ​ស្រប​គ្នា​លើ​ទីរួម​ស្រុក​ និង​តំបន់​រស់​នៅនានា​​របស់​ប្រទេស​អ៊ីស្រាអែល​ បណ្ដាល​ឱ្យ​មនុស្ស​ជាង​ 1,000 នាក់​បាត់​បង់ជីវិត​។

កងទ័ព​អ៊ីស្រាអែល​បានឆ្លើយ​តប​ដោយ​ការ​ប្រកាស​សង្គ្រាម​ វាយ​ប្រហារ​តាម​អាកាស​លើ​គោល​ដៅ​នៅ​តំបន់​ហ្គាហ្សា និង​ដាក់​ពង្រាយ​កម្លាំង​រាប់​ពាន់​នាក់​ឡោម​ព័ទ្ធ​តំបន់​នេះ​។ ក៏ប៉ុន្តែ​ លោក​ស្រី Gotliv យល់​ថា កងទ័ព​អ៊ីស្រាអែល​ត្រូវ​តែ​ធ្វើ​សកម្មភាពឱ្យ​បាន​​ខ្លាំង​ក្លា​ជាង​នេះ​៕

Advertisement