តេឡេស្កុបវិទ្យុ ASKAP នៅអូស្ត្រាលីភាគខាងលិច ថតបានរូបភាពដ៏ស្រស់ស្អាតស្ដីពីរចនាសម្ព័ន្ធអវកាសមួយដែលមានរូបរាងដូចភ្នែកដ៏ធំ លាតសន្ធឹងរហូតដល់ 60,000 ឆ្នាំពន្លឺ។ យោងតាមទំព័រ SpacePlace របស់ណាសា មួយឆ្នាំពន្លឺមានចម្ងាយប្រមាណ 9 ទ្រីលាន (9,000,000,000,000) គីឡូម៉ែត្រ។
យោងតាមការប្រកាសនៅលើទំព័រ Monthly Notices of the Royal Astronomical Society រចនាសម្ព័ន្ធអវកាសចម្លែកនេះគឺជា កាឡាក់ស៊ីប្រភេទ Polar-ring (បកប្រែក្រៅផ្លូវការថា «កាឡាក់ស៊ីរង្វង់ចិញ្ចៀន») និងត្រូវបានដាក់ឈ្មោះឱ្យថា NCG 4632។
ខុសពីកាឡាក់ស៊ីដែលមានផែនដី Milky Way កាឡាក់ស៊ី NCG 4632 មានថាសពន្លឺមួយ និងពពកដ៏មហិមាព័ទ្ធជុំវិញស្នូលរបស់វា។ រង្វង់ពពកនេះភាគច្រើនគឺជាឧស្ម័នអ៊ីដ្រូសែន និងផ្អៀងប្រហែល 90 ឌឺក្រេ បើធៀបនឹងផ្ទៃរបស់កាឡាក់ស៊ី។
រចនាសម្ព័ន្ធដែលមានរូបរាងដូចភ្នែកនេះអាចមានផ្ទុកធូលី និងផ្កាយ។ រង្វង់របស់ NCG 4632 លាតសន្ធឹងរហូតដល់ 60,000 ឆ្នាំពន្លឺ។ រង្វង់ឧស្ម័ននៅខាងក្រៅ បូករួមនឹងថាសខាងក្នុងដែលនៅជុំវិញស្នូល NCG 4632 ហាក់ដូចជាកែវភ្នែកដ៏ធំមួយគ្រាប់កំពុងសម្លឹងមកកាន់ផែនដី។
ការស្វែងយល់អំពីកាឡាក់ស៊ីរង្វង់មូលដូច NCG 4632 នឹងរួមចំណែកជួយឱ្យអ្នកវិទ្យាសាស្ត្រយល់ដឹងអំពីអាថ៌កំបាំងដែលមនុស្សមិនទាន់ដឹង ទាក់ទងនឹងរបៀបកកើតរបស់បណ្ដាកាឡាក់ស៊ី និងការវិវត្តរបស់ពួកវានៅក្នុងចក្រវាល។ យោងតាម Science News មកដល់បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រនៅតែមិនទាន់អាចឆ្លើយនឹងសំណួរដែលថា «ហេតុអ្វីកាឡាក់ស៊ីមួយចំនួនមានរង្វង់មូល ខណៈកាឡាក់ស៊ីស្ទើរតែទាំងអស់បែរជាមិនរង្វង់បែបនេះទៅវិញ?»។