យានអវកាសឥណ្ឌា ដែលទើបតែបានចុះចតលើឋានព្រះចន្ទកាលពីមួយខែមុន ប៉ុន្តែបានរួមចំណែកធំធេងនៅក្នុងវិស័យវិទ្យាសាស្ត្រ។
ក្រោយពីបេសកកម្ម Chadrayaan-3 របស់ប្រទេសឥណ្ឌា ទទួលបានជោគជ័យក្នុងការចុះចត ក្រុមអ្នកវិទ្យាសាស្ត្រប្រទេសនេះកំពុងតែមមាញឹកក្នុងការវិភាគទិន្នន័យដែលយានចុះចត Vikram និងយានស្រាវជ្រាវ Pragyan បានបញ្ជូនមកកាន់ផែនដីបន្ទាប់ពីធ្វើការលើឋានព្រះចន្ទបានមួយថ្ងៃ (មួយថ្ងៃព្រះចន្ទស្មើនឹង 14 ថ្ងៃលើផែនដី)។
មកដល់ពេលនេះ Pragyan បានរកឃើញអ្វីៗជាច្រើនដែលមានតម្លៃ ក្នុងនោះក៏មានដែក ទីតានីញ៉ូម អាលុយមីញ៉ូម និងពិសេសគឺ ស្ពាន់ធ័រ រួមនឹងកំហាប់របស់វា នៅក្នុងដីរបស់ព្រះចន្ទ។
មុននោះ អ្នកវិទ្យាសាស្ត្របានដឹងថា ស្ពាន់ព័រមាននៅក្នុងដី និងថ្មរបស់ព្រះចន្ទ ប៉ុន្តែមានកំហាប់ទាប។ យានរបស់ឥណ្ឌារកឃើញថា ស្ពាន់ធ័រមាននៅក្នុងដីព្រះចន្ទច្រើនជាងការរំពឹងទៅទៀត។
ស្ពាន់ធ័រលើឋានព្រះចន្ទគឺជាប្រភពធនធានដ៏មានតម្លៃចំពោះបេសកកម្មអវកាសរយៈពេលយូរ។ ស្ថាប័នអវកាសជាច្រើនកំពុងគិតដល់ការសាងសង់មូលដ្ឋានរបស់មនុស្សនៅលើឋានព្រះចន្ទ ក្នុងនោះក៏ត្រូវការស្ពាន់ធ័រជាចាំបាច់ផងដែរ។ ដោយសារមានស្ពាន់ធ័រលើឋានព្រះចន្ទស្រាប់ អ្នកអវកាសមិនបាច់វិលមកកាន់ផែនដីដើម្បីដឹកជញ្ជូនវត្ថុធាតុឡើងទៅកាន់ឋានព្រះចន្ទ។
អ្នកអវកាសអាចប្រើប្រាស់ស្ពាន់ធ័រដើម្បីផលិតផ្ទាំងសូឡា និងថ្មផ្ទុកថាមពលអគ្គិសនីដែលប្រើប្រាស់ស្ពាន់ធ័រ និងផលិតជាបេតុងសម្រាប់ការសាងសង់ជាដើម។
បេតុងស្ពាន់ធ័រល្អជាងបេតុងធម្មតាដែលពេញនិយមលើផែនដី។ អ្នកវិទ្យាសាស្ត្របកស្រាយថា បេតុងស្ពាន់ធ័រនឹងរឹងមកវិញ ហើយមាំខ្លាំង ដោយចំណាយពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយការប្រើប្រាស់ មិនមែនច្រើនសប្ដាហ៍ និងមានសមត្ថភាពទប់ទល់នឹងការសឹករេចរិលខ្ពស់ខ្លាំងជាងឆ្ងាយបើធៀបនឹងបេតុងធម្មតា។
ជាងនេះ ស្ពាន់ធ័រក៏មិនត្រូវការទឹកដូចបេតុងធម្មតា ដូច្នេះអ្នកអវកាសអាចសន្សំសំចៃទឹកដ៏មានតម្លៃទុកសម្រាប់បរិភោគ បង្កើតអុកស៊ីសែន និងផលិតជាឥន្ធនៈសម្រាប់រ៉ុក្កែតជាដើម៕