ភព K2-18 b មានទំហំធំជាងពីរដងធៀបនឹងផែនដី និងគោចរក្នុងតំបន់ដែលអាចរស់នៅបាននៅជុំវិញផ្កាយមេដែលមានចម្ងាយ 120 ឆ្នាំពន្លឺពីព្រះអាទិត្យ (មួយឆ្នាំពន្លឺមានចម្ងាយ 9.46 ទ្រីលានគីឡូម៉ែត្រ)។
តេឡេស្កុបអវកាស James Webb (JWST) របស់អាម៉េរិក បានរកឃើញភស្តុតាងស្ដីពីម៉ូលីគុលដែលមានផ្ទុកកាបូននៅក្នុងបរិយាកាសរបស់ភព K2-18 b ដែលត្រូវបានសង្ស័យថាមានមហាសមុទ្រ។ ភព K2-18 b នេះគឺជាគោលដៅដ៏ទាក់ទាញសម្រាប់អ្នកតារាសាស្ត្រ ព្រោះពួកគេកំពុងស្វែងរកភាវៈរស់នៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ។ យោងតាម Space ដែលបានចុះផ្សាយកាលពីថ្ងៃទី 11 កញ្ញា 2023 ការសិក្សាស្វែងយល់ និងសង្កេតដោយតេឡេស្កុបអវកាស Hubble មុននោះបង្ហើបឱ្យដឹងថា ភពខាងលើនេះអាចជាភពដែលមានមហាសមុទ្រទឹករាវ។
K2-18 b មានម៉ាសធំជាងផែនដីប្រហែល 8.6 ដង និងស្ថិតក្នុងតំបន់ដែលអាចរស់នៅបានរបស់ប្រព័ន្ធផ្កាយក្រហម K2-18។
ភពនេះមានកាំធំជាងផែនដីពី 2 ទៅ 3 ដង និងមានចម្ងាយពីព្រះអាទិត្យរបស់មនុស្ស 120 ឆ្នាំពន្លឺ។ លទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីបង្ហាញថា ដានរបស់កាបូនឌីអុកស៊ីត និងមេតានក្នុងបរិយាកាសរបស់ភព K2-18 b និងមិនមានអាម៉ូញាក់ បញ្ជាក់ថា មានមហាសមុទ្រមួយនៅខាងក្រោមបរិយាកាសដែលសម្បូរអ៊ីដ្រូសែន។
JWST ហាក់បានរកឃើញ dimethyl sulfide (DMS) ក្នុងបរិយាកាសរបស់ភព K2-18 b ទៀតផង។ សមាសធាតុនេះកើតឡើងតែពីប្លង់តុង (plankton គឺជាមីក្រូសារពាង្គកាយដែលរស់នៅក្នុងស្រទាប់លើនៃប្រព័ន្ធទឹក) លើផែនដី។ ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Cambridge ឱ្យដឹងថា នឹងបន្តសង្កេត K2-18 b ដើម្បីស្វែងយល់បន្ថែមអំពីលក្ខខណ្ឌនៃបរិស្ថានរបស់វា។ លទ្ធផលនៃការស្រាវជ្រាវរបស់ពួកគេនឹងត្រូវបានផ្សាយលើទស្សនាវដ្ដី Astrophysical Journal Letters៕