យានអវកាស SLIM នឹងហោះដល់គន្លងតារាវិថីព្រះចន្ទនៅក្នុងរយៈពេលពី 3 ទៅ 4 ខែទៀត រួចក៏នឹងចុះចតខាងក្នុងមាត់រណ្ដៅមួយដែលមានទំហំ 300 ម៉ែត្រ។
រ៉ុក្កែត H-2A របស់ជប៉ុន ដឹកស្ថានីយចុះចត SLIM និងតេឡេស្កុបអវកាស XRISM ហោះឡើងពីមជ្ឈមណ្ឌលអវកាស Tanegashima កាលពីម៉ោង 6 និង 42 នាទី ថ្ងៃទី 6 កញ្ញា (ពេលវេលានៅកម្ពុជា) យឺតជាង 10 ថ្ងៃ បើធៀបនឹងផែនការដំបូង ដោយសារតែបញ្ហាអាកាសធាតុ។
យានអវកាសទាំងពីរគ្រឿងបានហោះហោះដូចការគ្រោងទុក បន្ទាប់ពីត្រូវបានបាញ់បង្ហោះជិតមួយម៉ោង។ បើសិនជាគ្រប់យ៉ាងដំណើរការរលូត តែប៉ុន្មានខែទៀតប៉ុណ្ណោះ SLIM (ស្ថានីយស្រាវជ្រាវព្រះចន្ទឆ្លាតវៃ) នឹងរកវិធីចុះចតលើផ្ទៃព្រះចន្ទជាលើកដំបូង ដើម្បីបើកផ្លូវសម្រាប់បេសកកម្មប្រកបដោយមហិច្ឆតាជាច្រើនផ្សេងទៀត។
យោងតាមអង្គការស្រាវជ្រាវអវកាសជប៉ុន (JAXA) ស្ថានីយ SLIM ឆ្ពោះទៅរកការធ្វើតេស្តប្រព័ន្ធស្រាវជ្រាវស្រាលក្នុងទ្រង់ទ្រាយតូច និងប្រើប្រាស់បច្ចេកវិទ្យាចុះចតប្រកបដោយភាពសុក្រឹតចាំបាច់សម្រាប់យានអវកាសចុះចតលើឋានព្រះចន្ទក្នុងពេលអនាគត។
SLIM គឺជាយានអវកាសខ្នាតតូច មានកម្ពស់ 2.4 ម៉ែត្រ, បណ្ដោយ 2.7 ម៉ែត្រ និងទទឹង 1.7 ម៉ែត្រ។ នៅពេលហោះឡើង យាននេះមានទម្ងន់ 700 គីឡូក្រាម ក្នុងនោះ ឥន្ធនៈមានរហូតដល់ 70% នៃទម្ងន់សរុប។ SLIM នឹងហោះទៅតាមគន្លងវែងឆ្ងាយដែលសន្សំសំចៃឥន្ធនៈ ហើយគ្រោងនឹងទៅដល់គន្លងតារាវិថីព្រះចន្ទនៅ 3 ឬ 4 ខែទៀត។ យានអវកាសនេះនឹងសង្កេតមើលផ្ទៃព្រះចន្ទក្នុងមួយខែ មុននឹងបន្តចុះចតខាងក្នុងមាត់រណ្ដៅអាចម៍ផ្កាយ Shioli Crater ទំហំ 300 ម៉ែត្រ ដើម្បីធ្វើតេស្តបច្ចេកវិទ្យាចុះចត។
SLIM ក៏នាំយកយានស្រាវជ្រាវខ្នាតតូចពីរគ្រឿង ដែលគ្រោងនឹងត្រូវបានដាក់ពង្រាយលើផ្ទៃព្រះចន្ទ បន្ទាប់ពីបានចុះចត។ យានខ្នាតតូចមួយគូនេះនឹងជួយក្រុមអ្នកបច្ចេកទេសលើផែនដីអាចតាមដានស្ថានភាពរបស់យានចុះចត SLIM និងថតរូបតំបន់ចុះចត ក៏ដូចជាផ្ដល់ប្រព័ន្ធទំនាក់ទំនងផ្ទាល់ជាមួយនឹងផែនដី។
មុននោះ ស្ថានីយចុះចត Hakuto-R របស់ក្រុមហ៊ុនឯកជន Hakuto-R នៅតូក្យូ ក៏បានហោះដល់គន្លងតារាវិថីព្រះចន្ទ ប៉ុន្តែបានធ្លាក់បុកដីកាលពីខែមេសាឆ្នាំកន្លង។ ដូច្នេះ ជោគជ័យរបស់ SLIM នឹងជាប្រវត្តិសាស្ត្រដ៏សំខាន់មួយ។ គិតមកដល់បច្ចុប្បន្ន លើពិភពលោកមានតែបួនប្រទេសប៉ុណ្ណោះដែលធ្លាប់បានបញ្ជូនយានអវកាសទៅស្រាវជ្រាវឋានព្រះចន្ទ នោះគឺ សូវៀត អាម៉េរិក ចិន និងឥណ្ឌា។
ក្រៅពី SLIM រ៉ុក្កែតរុញច្រាន H-2A ក៏ដឹកឡេស្កុបអវកាស XRISM (បេសកកម្មថតរូបដែលបំពាក់បច្ចេកវិទ្យាកាំរស្មីអ៊ិច (X)) ដែលជាគម្រោងសហការរវាងទីភ្នាក់ងារអវកាសជប៉ុន អាម៉េរិក និងអឺរ៉ុប នឹងធ្វើសកម្មភាពនៅក្នុងគន្លងតារាវិថីកម្រិតទាបរបស់ផែនដី។ តេឡេស្កុបនេះនឹងស្រាវជ្រាវចក្រវាលតាមរយៈកាំរស្មីអ៊ិចថាមពលខ្ពស់ក្នុងទីអវកាស៕