អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានបាញ់បង្ហោះយានស្រាវជ្រាវព្រះអាទិត្យ Aditya-L1 ចេញពីមជ្ឈមណ្ឌលអវកាស Satish Dhawan បានដោយជោគជ័យ កាលពីវេលាម៉ោង 13 និង 20 នាទី ថ្ងៃទី 02 កញ្ញា (ពេលវេលានៅកម្ពុជា)។
ការបាញ់បង្ហោះនេះនឹងនាំយកយាន Aditya-L1 ឡើងទៅកាន់គន្លងតារាវិថីកម្រិតទាបរបស់ផែនដី។ ក្រោយមក យាននេះនឹងបញ្ឆេះម៉ាស៊ីនរ៉ុក្កែតហោះឆ្ពោះទៅកាន់តំបន់ Lagrange 1 (L1) ដែលនៅចន្លោះផែនដី និងព្រះអាទិត្យ។ ពី Lagrange L1 យាន Aditya-L1 អាចសង្កេតស្រាវជ្រាវព្រះអាទិត្យបានដោយមិនមានការរំខានពីឧបសគ្គនានាដែលរារាំងចក្ខុវិស័យរបស់វា។
បេសកកម្មនេះមានគោលដៅវិទ្យាសាស្ត្រជាច្រើន រួមមានការស្វែងយល់អំពីអាថ៌កំបាំងនៃសីតុណ្ហភាពលើព្រះអាទិត្យ ការសង្កេតមើលអាកាសធាតុរបស់ព្រះអាទិត្យ រួមនឹងការស្រាវជ្រាវអំពីរង្វង់ដែនទំនាញនៃបាតុភូតជះរស្មីជុំវិញព្រះអាទិត្យ។ល។