កុលសម្ព័ន្ធ​ដែល​មានទ្រព្យ​ធន​ច្រើន​ជាង​គេ​បំផុត​នៅ​ទ្វីប​អាហ្វ្រិក​៖ មេកុលសម្ព័ន្ធ​​អាច​យក​ប្រពន្ធ​ 80 នាក់

នៅពេល​និយាយ​ដល់​ទ្វីប​អាហ្វ្រិក​ មនុស្ស​ស្ទើរ​តែ​ទាំង​អស់​គិត​ថា នេះ​គឺជា​ទ្វីប​ដ៏​ក្រក្រី សេដ្ឋកិច្ច​អន់ថយ គ្មាន​ការ​រីក​ចម្រើន​។ ក៏ប៉ុន្តែ​ ជាក់​ស្ដែង នេះ​គឺជា​ទ្វីប​ដែល​សម្បូរ​ធនធាន​ធម្មជាតិ​។

មក​ដល់​បច្ចុប្បន្ន មាន​មនុស្ស​តិច​តួច​ណាស់​ដែល​បាន​ដឹង​ថា នៅ​ទ្វីប​អាហ្វ្រិក​មាន​កុលសម្ព័ន្ធ​មួយ​ដែល​សម្បូរ​ទ្រព្យ​ធន​។ កុលសម្ព័ន្ធ​នេះ​មាន​មាស​ច្រើន​ដល់​ថ្នាក់​ប្រើ​ប្រាស់​មិន​អស់​។ នោះ​គឺកុលសម្ព័ន្ធ​ Ashanti ដែល​រស់​នៅ​ក្នុង​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ហ្កាណា ស្ថិត​ក្នុង​តំបន់​​អាហ្វ្រិក​​ខាង​លិច។ ហ្កាណា​គឺជា​ប្រទេស​តូច​មួយ​ដែល​កំពុង​អភិវឌ្ឍ​។ ឆ្នាំ​ 2022 ផលិត​ផល​​ក្នុង​ស្រុក​សរុប (GDP) របស់​ហ្កាណា​មាន​ត្រឹម​តែ 85.96 ពាន់​លាន​ដុល្លារ​អាម៉េរិក​ប៉ុណ្ណោះ។

ក៏ប៉ុន្តែ​ហ្កាណា​គឺជា​ប្រទេស​ដែល​សម្បូរ​ធនធាន​​រ៉ែ​ធម្មជាតិ ក្នុង​នោះ​ក៏​មាន​រ៉ែ​មាស​ដ៏​ច្រើន​ ​ឈរ​​លំដាប់​ទី​ពីរ​ក្នុង​ទ្វីប​អាហ្វ្រិក​ និង​មានរ៉ែ​​ត្បូង​ពេជ្រ​ច្រើន​ជាង​គេ​លំដាប់​ទី​បួន​​ក្នុង​ពិភពលោក​។ ក្រៅ​ពី​នេះ​ ហ្កាណា​ក៏​មាន​រ៉ែ​ប្រេង​ និង​ដែក។ល។

ដោយ​សារ​តែ​សម្បូរ​ធនធាន​រ៉ែ​ធម្មជាតិ ហ្កាណា​គឺជា​ទឹក​ដី​ដែល​អាច​ទិញ​ដូរ​មាស​ក្នុង​តម្លៃ​ទាប​យ៉ាង​ងាយ​ស្រួល​។ មាស​នៅ​ហ្កាណា​ពិត​ជា​ងាយ​ស្រួល​រក​នៅ​គ្រប់​កន្លែង​ រហូត​ដល់​ថ្នាក់​គេ​និយាយ​ថា ឱ្យ​តែ​អ្នក​មើល​ឃើញ​ទន្លេ​ ​អ្នក​អាច​ស្រង់​បាន​មាស​។

តាម​ការ​សិក្សា​ស្រាវជ្រាវ អណ្ដូង​រ៉ែ​មាស​នៅ​ប្រទេស​ហ្កាណា​ត្រូវ​បាន​ទាញយក​តាំង​ពី​ជាង​ 500 ឆ្នាំ​មក​ហើយ ប៉ុន្តែ​តាម​ការ​វាយ​តម្លៃ​​អំពី​ធនធានរ៉ែ​ធម្មជាតិ​បច្ចុប្បន្ន ប្រជាជន​ហ្កាណា​​អាច​ទាញ​យក​រ៉ែ​មាស​បាន​ 700 ឆ្នាំ​ទៀត​។

កុលសម្ព័ន្ធ​សម្បូរទ្រព្យ​ធន ពាក់​មាស​រាប់​គីឡូ​នៅ​លើ​ខ្លួន​

នៅ​លើ​ទឹក​ដី​ហ្កាណា កុលសម្ព័ន្ធ​ Ashanti ល្បី​ឈ្មោះ​ខ្លាំង​ដោយ​សារ​តែ​មាន​អណ្ដូង​រ៉ែ​មាស​ធំជាង​គេ​។ ប្រជាជន​ក្នុង​កុលសម្ព័ន្ធ​មាន​ជីវភាព​ល្អ​ប្រសើរ​ ក្នុង​នោះ​គេ​ឃើញ​ស្ត្រី​ជា​ច្រើន​ពាក់​មាស​រាប់​គីឡូ​។ កុលសម្ព័ន្ធ Ashanti មាន​ប្រជាជន​ប្រហែល 3 លាន​នាក់ និង​មាន​អង្គការ​ចាត់​តាំង​ រស់​នៅ​ដូច​ប្រទេស​ឯករាជ្យមួយ​។

កុលសម្ព័ន្ធ​នេះ​សម្បូរ​ទ្រព្យ​ធន​ខ្លាំង​ណាស់។​ ពួក​គេ​មាន​កៅអី​ខ្នាត​ធំ​មួយ​ដែល​ផលិត​អំពី​មាស​សុទ្ធ​។ ប៉ុន្តែ​កៅអីមាស​នេះ​ទុក​សម្រាប់​ប្រើ​ប្រាស់​ក្នុង​ពិធី​សែន​ព្រេន​​ក្នុង​ព្រឹត្តិការណ៍​ធំៗ​ប៉ុណ្ណោះ ដោយ​មិន​អនុញ្ញាត​ឱ្យ​អង្គុយ​ឡើយ​។ ជនជាតិ​ Ashanti ចូល​ចិត្ត​ប្រើប្រាស់​គ្រឿង​អលង្ការធ្វើ​ពី​មាស​។ សូម្បី​តែ​ក្រចក​ដៃ​របស់​ពួក​គេ​ក៏​គ្រប​ដណ្ដប់​ពេញ​ដោយ​មាស​។

ដូច​ទៅ​នឹង​កុលសម្ព័ន្ធ​ដទៃនៅ​ទ្វីប​អាហ្វ្រិក ជនជាតិ​ Ashanti ក៏​មាន​ទម្លាប់​យក​ប្រពន្ធ​ច្រើន​។ ពិសេស​ មេកុលសម្ព័ន្ធ Ashanti មាន​ភរិយា​រហូត​ដល់ 80 នាក់​។ ប្រការ​ដែល​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​គឺ​ថា ភរិយា​ទាំង​អស់​របស់​មេ​កុលសម្ព័ន្ធ​ សុទ្ធ​តែ​រស់​នៅ​ចុះសម្រុង​នឹង​គ្នា ដោយ​ពួក​គេ​ចាត់​ទុក​គ្នា​ដូច​ទៅ​នឹង​បងប្អូន​បង្កើត​នៅ​ក្នុង​គ្រួសារ​ និង​រួម​គ្នា​បម្រើ​ស្វាមី​។

កុលសម្ព័ន្ធ​ Ashanti ក៏​អនុវត្ត​របប​ «ផ្ទេរ​អំណាច​តត្រកូល»។ អ្នក​ស្នង​តំណែង​ប្រធាន​កុលសម្ព័ន្ធ​នឹង​ទទួល​មរតក​ទាំង​អស់​របស់​អតីត​មេកុលសម្ព័ន្ធ​ បូក​រួម​ទាំង​ភរិយា និង «​ស្នំ» ​ទាំង​អស់​ផងដែរ​។

ពិសេស​ជាង​នេះ រាល់​ពេល​ដែល​មេ​កុលសម្ព័ន្ធ​ចេញ​ទៅ​ធ្វើ​ទស្សនកិច្ច​ខាង​ក្រៅ​នឹង​មាន​ទិដ្ឋភាព​ពិសេស​ ដូច​ទៅ​នឹង​មហា​ក្សត្រ​កាល​ពី​សម័យ​បុរាណ​ ដោយ​សារ​មាន​អ្នក​បម្រើ​ រួម​នឹង​ភរិយា​រាប់​សិប​នាក់​តាម​ហែ​ហម​អម​ដំណើរ​៕

Advertisement