រ៉ូបូត​ឥណ្ឌា​លើ​ឋាន​ព្រះចន្ទ​រក​ឃើញ​សារ​ធាតុ​ជា​ច្រើន​នៅ​ប៉ូល​ខាង​ត្បូង​

រ៉ូបូត​ស្វ័យ​ប្រវត្ត​របស់​ឥណ្ឌា​បាន​បញ្ជាក់​ថា មាន​វត្តមាន​របស់​ស្ពាន់ធ័រ​ និង​សារធាតុ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​នៅ​ក្បែរ​ប៉ូល​ខាង​ត្បូង​របស់ព្រះ​ចន្ទ​ ក្នុង​ពេល​ស្វែង​រក​ទឹកកក​ បន្ទាប់​ពី​ចុះ​ចត​បាន​ជិត​មួយ​សប្ដាហ៍​។

យោង​តាម​ប្រកាស​កាល​ពី​ថ្ងៃទី 29 សីហារបស់​​អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា (ISRO) ក្រៅ​ពី​ស្ពានធ័រ ឧបករណ៍​វិទ្យាសាស្ត្រ​របស់​រ៉ូបូត​ Pragyaan ក៏​បាន​រកឃើញ​អាលុយមីញ៉ូម ដែក កាល់ស្យូម​ ក្រូមីញ៉ូម ទីតាញ៉ូម ម៉ង់ហ្គាណែស អុកស៊ីសែន និង​ស៊ីលីកុន នៅ​លើ​ផ្ទៃ​ព្រះចន្ទ​ផងដែរ​។ ការ​រកឃើញ​នេះកើត​ឡើង​បន្ទាប់​ពី​រ៉ូបូត Pragyaan បាន​ចាក​ចេញ​ពី​ស្ថានីយ​ Vikram ក្នុង​បេសក​កម្ម Chandrayaan-3 ដែល​បាន​ចុះ​ចត​​ក្បែរ​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​កាល​ពីថ្ងៃទី 23 សីហា​ 2023​។

តាម​ផែនការ រ៉ូបូត​ Pragyaan នឹង​ធ្វើ​ការ​ពិសោធ ស្រាវ​ជ្រាវរយៈ​ពេល​ 14 ថ្ងៃ។ ការ​រកឃើញ​ខាងលើ​គឺជា​ការ​ពិសោធ​វិទ្យា​សាស្ត្រ​ដំបូង​របស់​រ៉ូបូត​នេះ​នៅ​ក្នុង​​ដំណើរ​ស្រាវ​ជ្រាវ​នៅ​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​​។ Pragyaan ធ្វើ​ដំណើរ​ក្នុង​ល្បឿន​ប្រហែល 10 សង់ទីម៉ែត្រ​/វិនាទី​ដើម្បី​កាត់​បន្ថយ​ការ​ប៉ះ​ទង្គិច​ និង​ការ​ខូច​ខាត​ដោយ​សារ​​ឧបសគ្គ​។

រ៉ូបូត​ខាងលើ​មាន​ទម្ងន់​ 25.9 គីឡូក្រាម​ ប្រហែល​នឹង​សុនក​ពេញវ័យ​មួយ​ក្បាល​។ Pragyaan កំពុង​ស្រាវ​ជ្រាវ​ក្នុង​តំបន់​ដែល​មិន​ទាន់​មាន​រ៉ូបូត​ ឬ​អ្នក​អវកាស​ធ្លាប់​ទៅ​ដល់​នាពេល​កន្លង​។ ការរកឃើញ​របស់​រ៉ូបូត​នេះ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​ការ​ស្វែង​យល់​អំពី​វិធី​ទាញ​យក​ទឹក​នៅ​លើ​ឋាន​ព្រះ​ចន្ទ​ ​ជា​គោល​ដៅ​ដែល​ប្រទេស​នានា​កំពុង​ឆ្ពោះ​ទៅ​រក​។ ទឹក​អាច​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​ផលិត​អុកស៊ីសែន​សម្រាប់មូលដ្ឋាន​របស់​មនុស្ស​នៅ​លើ​ឋាន​ព្រះ​ចន្ទ​នា​ពេល​អនាគត ក៏ដូច​ជា​អ៊ីដ្រូសែន និង​អុកស៊ីសែន​សម្រាប់​ធ្វើ​ជា​ឥន្ធនៈ​របស់​រ៉ុក្កែត​រុញ​ច្រាន​យាន​អវកាស​ទៅ​កាន់​ភព​អង្គារ​។ល។

Times of India ឱ្យ​ដឹង​ថា ទន្ទឹម​នឹង​ការ​ស្រាវ​ជ្រាវសារធាតុ​ក្នុង​​ស្រទាប់​ដី​របស់​ព្រះ​ចន្ទ រ៉ូបូត​ Pragyaan ក៏​នឹង​ស្វែង​យល់​អំពី​បរិយាកាស​​​របស់​ឋាន​រណបមួយ​នេះ​ផងដែរ​៕

Advertisement