រ៉ូបូតស្វ័យប្រវត្តរបស់ឥណ្ឌាបានបញ្ជាក់ថា មានវត្តមានរបស់ស្ពាន់ធ័រ និងសារធាតុផ្សេងៗជាច្រើនទៀតនៅក្បែរប៉ូលខាងត្បូងរបស់ព្រះចន្ទ ក្នុងពេលស្វែងរកទឹកកក បន្ទាប់ពីចុះចតបានជិតមួយសប្ដាហ៍។
យោងតាមប្រកាសកាលពីថ្ងៃទី 29 សីហារបស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ក្រៅពីស្ពានធ័រ ឧបករណ៍វិទ្យាសាស្ត្ររបស់រ៉ូបូត Pragyaan ក៏បានរកឃើញអាលុយមីញ៉ូម ដែក កាល់ស្យូម ក្រូមីញ៉ូម ទីតាញ៉ូម ម៉ង់ហ្គាណែស អុកស៊ីសែន និងស៊ីលីកុន នៅលើផ្ទៃព្រះចន្ទផងដែរ។ ការរកឃើញនេះកើតឡើងបន្ទាប់ពីរ៉ូបូត Pragyaan បានចាកចេញពីស្ថានីយ Vikram ក្នុងបេសកកម្ម Chandrayaan-3 ដែលបានចុះចតក្បែរប៉ូលខាងត្បូងរបស់ព្រះចន្ទកាលពីថ្ងៃទី 23 សីហា 2023។
តាមផែនការ រ៉ូបូត Pragyaan នឹងធ្វើការពិសោធ ស្រាវជ្រាវរយៈពេល 14 ថ្ងៃ។ ការរកឃើញខាងលើគឺជាការពិសោធវិទ្យាសាស្ត្រដំបូងរបស់រ៉ូបូតនេះនៅក្នុងដំណើរស្រាវជ្រាវនៅប៉ូលខាងត្បូងរបស់ព្រះចន្ទ។ Pragyaan ធ្វើដំណើរក្នុងល្បឿនប្រហែល 10 សង់ទីម៉ែត្រ/វិនាទីដើម្បីកាត់បន្ថយការប៉ះទង្គិច និងការខូចខាតដោយសារឧបសគ្គ។
រ៉ូបូតខាងលើមានទម្ងន់ 25.9 គីឡូក្រាម ប្រហែលនឹងសុនកពេញវ័យមួយក្បាល។ Pragyaan កំពុងស្រាវជ្រាវក្នុងតំបន់ដែលមិនទាន់មានរ៉ូបូត ឬអ្នកអវកាសធ្លាប់ទៅដល់នាពេលកន្លង។ ការរកឃើញរបស់រ៉ូបូតនេះមានប្រយោជន៍ច្រើនចំពោះការស្វែងយល់អំពីវិធីទាញយកទឹកនៅលើឋានព្រះចន្ទ ជាគោលដៅដែលប្រទេសនានាកំពុងឆ្ពោះទៅរក។ ទឹកអាចត្រូវបានប្រើប្រាស់ក្នុងការផលិតអុកស៊ីសែនសម្រាប់មូលដ្ឋានរបស់មនុស្សនៅលើឋានព្រះចន្ទនាពេលអនាគត ក៏ដូចជាអ៊ីដ្រូសែន និងអុកស៊ីសែនសម្រាប់ធ្វើជាឥន្ធនៈរបស់រ៉ុក្កែតរុញច្រានយានអវកាសទៅកាន់ភពអង្គារ។ល។
Times of India ឱ្យដឹងថា ទន្ទឹមនឹងការស្រាវជ្រាវសារធាតុក្នុងស្រទាប់ដីរបស់ព្រះចន្ទ រ៉ូបូត Pragyaan ក៏នឹងស្វែងយល់អំពីបរិយាកាសរបស់ឋានរណបមួយនេះផងដែរ៕