យើងមិនអាចដឹងបានថា ពេលណាទើបរឿងនេះអាចកើតឡើង ប៉ុន្តែការបង្កើតអាណានិគមមួយនៅលើភពអង្គារពិតជាស្ថិតក្នុងផែនការរបស់មនុស្ស។ មហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាតត្បូងលោក Elon Musk និយាយថា ឆ្នាំ 2029 គឺជាដំណាក់កាលឆាប់បំផុត ខណៈដែលសហគមន៍អ្នកស្រាវជ្រាវជឿថា រឿងនេះនឹងមិនអាចកើតឡើងនៅមុនឆ្នាំ 2050។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នគេអាចដឹងបានថា ត្រូវការមនុស្សប៉ុន្មាននាក់ដើម្បីបង្កើត និងគ្រប់គ្រងមូលដ្ឋានមួយរបស់មនុស្សនៅលើភពអង្គារ។
ក្នុងការស្រាវជ្រាវថ្មីបំផុត ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ George Mason យល់ឃើញថា គេត្រូវការមនុស្សយ៉ាងតិច 22 នាក់ ដើម្បីបង្កើតអាណានិគមមួយនៅលើភពព្រះអង្គារ។ តួលេខនេះទាបជាងឆ្ងាយបើធៀបនឹងការយល់ឃើញ និងការសិក្សាស្រាវជ្រាវដទៃដែលក្នុងនោះមានខ្លះថា ត្រូវការ 110 នាក់ ខ្លះថា 100 នាក់ ចំណែក Elon Musk ថា 8 ម៉ឺននាក់។
Anamaria Berea ប្រធានក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យ George Mason បានប្រាប់ The Register ថា «ក្រុមមនុស្សនានាគឺជាបណ្ដាប្រព័ន្ធស្មុគស្មាញ ក្នុងនោះ លទ្ធផលពុំមែនជាការរួមផ្សំរវាងផ្នែកទាំងឡាយនោះទេ ប៉ុន្តែគឺជាការរួមកម្លាំងគ្នា»។ អ្នកស្រី Berea និងសហការីនិយាយថា ការគណនាមុនៗមិនបានគិតដល់កត្តាសង្គម និងផ្លូវចិត្តរបស់ក្រុមមនុស្សថ្មីដែលទើបតែចាប់ផ្ដើមដំណើរការបង្កើតអាណានិគម។ ពួកគេក៏និយាយថា ការសិក្សាស្រាវជ្រាវមុនៗមិនបានពិនិត្យទៅលើទំនាក់ទំងរបស់បុគ្គលនៅក្នុងទីអវកាស។
លទ្ធផលនៃការសិក្សាស្រាវជ្រាវនៃក្រុមរបស់អ្នកស្រី Anamaria Berea ក៏បានបង្ហាញថា មនុស្សដែលមានបុគ្គលិកលក្ខណៈរីករាយ គឺជាអ្នកដែលអាចជួយឱ្យអាណានិគមទទួលបានជោគជ័យ ខណៈមនុស្សដែលចូលចិត្តរំខាន និងមានចរិតគិតតែការប្រកួតប្រជែង អាចនឹងទទួលបរាជ័យក្នុងបេសកកម្មអាណានិគមលើភពអង្គារ ហើយអាចឆាប់ស្លាប់ជាងសមាជិកដទៃ៕