ផ្ទាំងគំនូរបុរាណតាំងពីឆ្នាំ 1882 ថ្មីៗនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលខ្លាំង និងធ្វើឱ្យមានការលើកឡើងអំពីរឿង «ធ្វើដំណើរឆ្លងពេលវេលា» បន្ទាប់ពីទិដ្ឋភាពលំអិតរបស់វាត្រូវបានគេរកឃើញ។
ទំព័រ Daily Star កន្លងទៅថ្មីៗនេះបានលើកឡើងអំពីទ្រឹស្ដីមួយដ៏ពិបាកឱ្យគេជឿ ទាក់ទងនឹងផ្ទាំងគំនូរមួយដែលបានគូរកាលពីឆ្នាំ 1882 ដោយវិចិត្រករ R. Josey និង James Archer។ ផ្ទាំងគំនូរនេះមានឈ្មោះថា «The Betrothal» ។
គំនូរនេះត្រូវបានគេដឹងថា ជាទិដ្ឋភាពនៃសកម្មភាពសន្យានឹងគ្នាអំពីគម្រោងរៀបការរបស់អ្នកនិពន្ធស្កុតឡែន Robert Burns និងនារីម្នាក់ឈ្មោះ Mary Campbell នៅក្បែរទន្លេ Ayr នៅភាគខាងជើងប្រទេសស្កុតឡែនកាលពីឆ្នាំ 1786។
ក៏ប៉ុន្តែ នៅពេលត្រូវបានពង្រីកឱ្យធំជាងមុន 10 ដង ផ្ទាំងគំនូរនេះបានធ្វើឱ្យមនុស្សម្នាមានការភ្ញាក់ផ្អើលខ្លាំងនៅចំពោះមុខអំណោយអនុស្សាវរីយ៍រាងចតុកោណដែលមានកែងមូល។ បើទោះជាពិបាកឱ្យគេជឿ ប៉ុន្តែអ្នកខ្លះយល់ថា វត្ថុនេះមានរូបរាងដូចទៅនឹងទូរស័ព្ទឆ្លាតវៃ។
ក្រោយពីទ្រីស្ដីស្ដីពី «ដំណើរឆ្លងពេលវេលា» ត្រូវបានលើកឡើងក្នុងករណីនេះ ចំណាប់អារម្មណ៍ក៏ត្រូវបានផ្ដោតទៅលើ The Betrothal ។ ក៏ប៉ុន្តែ ដើម្បីប្រឆាំងនឹងទ្រីស្ដី «ដំណើរឆ្លងកាត់ពេលវេលា» មនុស្សជាច្រើនក៏បានបកស្រាយថា នេះគ្រាន់តែជាគម្ពីរសាសនាប៉ុណ្ណោះ។
យោងតាមទំនៀមទម្លាប់បុរាណរបស់ជនជាតិស្កុតឡែន នៅពេលស្បថស្បែ គូស្នេហ៍នឹងបង្ហាញភក្ដីភាព និងការជឿជាក់របស់ខ្លួនដោយការជូនគម្ពីរសាសនាដល់គ្នានៅក្បែរទន្លេដែលមានទឹកកំពុងហូរ។ ដូច្នេះ រូបភាពដែលមានរាងចតុកោណនៅក្នុងផ្ទាំងគំនូរបុរាណនេះ ទំនងគ្រាន់តែជាសៀវភៅដែលសរសេរអំពីពាក្យសន្យាក្នុងសាសនាប៉ុណ្ណោះ មិនមែនជា «ឧបករណ៍អនាគត» អ្វីនោះឡើយ៕