(សហរដ្ឋអាម៉េរិក) – ក្រុមអ្នកជំនាញនៅសាកលវិទ្យាល័យ Rochester បានដាក់បញ្ចូលហ្សែនពិសេសមួយរបស់កណ្ដុរគ្មានរោម ទៅក្នុងកណ្ដុរប្រភេទធម្មតា និងបានរកឃើញថា ហ្សែននេះបានជួយឱ្យពួកវាមានសុខភាពល្អ និងរស់បានយូរជាង 4.4%។
ក្នុងការសិក្សាស្រាវជ្រាវថ្មីដ៏អស្ចារ្យមួយ ក្រុមអ្នកជំនាញរបស់សាកលវិទ្យាល័យ Rochester នៅនីវយ៉ក បានបង្ហាញវិធីសាស្ត្រដាក់បញ្ចូលហ្សែនរស់បានយូររបស់សត្វកណ្ដុរគ្មានរោម (Naked mole-rat) ដែលមានឈ្មោះក្នុងវិទ្យាសាស្ត្រថា Heterocephalus glaber ទៅក្នុងកណ្ដុរប្រភេទធម្មតាដើម្បីអូសបន្លាយអាយុកាល និងកែលំអសុខភាព។ លទ្ធផលនៃការសិក្សាស្រាវជ្រាវត្រូវបានប្រកាសលើទស្សនាវដ្ដី Nature កាលពីថ្ងៃទី 23 សីហា 2023។
កណ្ដុរខាងលើមានឈ្មោះល្បីខ្លាំងដោយសារតែសមត្ថភាពទប់ទល់នឹងជំងឺទាំងឡាយដែលទាក់ទងនឹងវ័យចំណាស់ និងមានអាយុវែងខុសធម្មតា ពោលគឺវែងជាងជិត 10 ដង បើធៀបនឹងប្រភេទសត្វកកេរដែលមានទំហំប្រហាក់ប្រហែល។ អ្នកវិទ្យាសាស្ត្រខាងលើ កាលពីឆ្នាំ 2020 បានរកឃើញហ្សែនមួយដែលរួមចំណែកក្នុងការជួយឱ្យវារស់បានយូរ។ ហ្សែននេះទទួលបន្ទុកផលិតអាស៊ីត HMW-HA ដែលជាម៉ូលេគុលជួយបង្កើនកម្លាំងរបស់កោសិកាក្នុងការទប់ទល់នឹងភាពតានតឹង និងរលាក ឆ្លងរោគ។
កណ្ដុរគ្មានរោមនេះមាន HMW-HA ច្រើនជាងប្រហែល 10 ដង បើធៀបនឹងមនុស្ស ឬប្រភេទកណ្ដុរដទៃ។ មូលហេតុគឺថា ហ្សែន (ហ្សែន hyaluronan synthase 2) ដែលបង្កើតម៉ូលេគុលនេះ នៅលើកណ្ដុរខាងលើ បានបង្ហាញភាពខ្លាំងក្លាជាងបណ្ដាសត្វដទៃ។
ក្នុងការស្រាវជ្រាវថ្មីនេះ ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញថា បណ្ដាកណ្ដុរដែលមានហ្សែនរបស់កណ្ដុរគ្មានរោម Heterocephalus glaber មានសមត្ថភាពខ្ពស់ក្នុងការទប់ទល់នឹងជំងឺមហារីកស្បែក សុខភាពទូទៅត្រូវបានកែលំអ និងរស់បានយូរជាង 4.4% បើធៀបនឹងបណ្ដាប្រភេទកណ្ដុរធម្មតាដែលកើតដំណាលគ្នា។
ការរកឃើញថ្មីនេះត្រូវបានរំពឹងថា នឹងបើកផ្លូវសម្រាប់ការស្វែងរកវិធីដែលអាចជួយឱ្យមនុស្សមានសុខភាពល្អ ពន្យារភាពក្មេង និងរស់បានយូរជាងបច្ចុប្បន្ន នាពេលអនាគត៕