ទីភ្នាក់ងារស្រាវជ្រាវអវកាសជប៉ុនបានឱ្យដឹងថា ការបាញ់បញ្ជូនយានអវកាសទៅចុះចតលើឋានព្រះចន្ទ នឹងធ្វើឡើងនៅថ្ងៃទី 28 សីហា 2023 យឺតជាងមួយថ្ងៃបើធៀបនឹងកាលបរិច្ឆេទដំបូង ដោយសារតែអាកាសធាតុមិនអំណោយផល។
តាមផែនការ រ៉ុក្កែត H2-A នឹងនាំយកស្ថានីយចុះចតឆ្លាតវៃស្រាវជ្រាវព្រះចន្ទ (SLIM) និងផ្កាយរណប X-Ray Imaging and Spectroscopy Mission (SRISM) ឡើងទៅកាន់ទីអវកាស ដោយត្រូវបាញ់បង្ហោះពី Tanegashima នៅភាគខាងត្បូងប្រទេសជប៉ុន ក្នុងថ្ងៃទី 28 សីហា។ ស្ថានីយ SLIM គ្រោងនឹងចុះចតលើឋានព្រះចន្ទនៅ 4 ឬ 6 ខែទៀត។ ចំណែកផ្កាយរណប XRISM ដែលជំនាញខាងថតរូបកាំរស្មី X និងសហការផលិតដោយទីភ្នាក់ងារអវកាសជប៉ុនចាសា (JAXA), ណាសារបស់អាម៉េរិក និងអ៊ីសារបស់អឺរ៉ុប នឹងដើរតួជាអ្នកស្រាវជ្រាវលើការវិវត្តរបស់ចក្រវាល។
កម្មវិធីអវកាសរបស់ជប៉ុនគឺជាមួយក្នុងចំណោមកម្មវិធីអវកាសធំជាងគេលើពិភពលោក ប៉ុន្តែការប្រឹងប្រែងដំបូងក្នុងការបញ្ជូនយានទៅចុះចតលើឋានព្រះចន្ទកាលពីខែវិច្ឆិកា 2022 បានបរាជ័យ។ ក្ដីសង្ឃឹមរបស់ចាសា នាបច្ចុប្បន្ន គឺការផ្ដោតទៅលើ SLIM។ ស្ថានីយចុះចតថ្មីនេះ តូច ស្រាលជាងមុន និងមានកម្ពស់ 2.4 ម៉ែត្រ បណ្ដោយ 1.7 ម៉ែត្រ ទទឹង 2.7 ម៉ែត្រ និងទម្ងន់ប្រហែល 700 គីឡូក្រាម។
ស្ថានីយចុះចត SLIM ដែលមានរ៉ូបូតស្វ័យប្រវត្តមួយគ្រឿងមានទំហំប៉ុនបាតដៃ និងអាចផ្លាស់ប្ដូររូបរាង នឹងមានតួនាទីស្វែងយល់អំពីដំណើរការកកើតរបស់ព្រះចន្ទ។
កាលពីខែវិច្ឆិកា 2022 ជប៉ុនបានប្រឹងប្រែងបញ្ជូនយាន Omotenashi ដែលហោះជាមួយនឹងយាន Artemis 1 របស់ណាសា ដើម្បីចុះចតលើឋានព្រះចន្ទ ប៉ុន្តែបានដាច់ទំនាក់ទំនង និងបរាជ័យ។ កាលពីខែមេសា 2023 ក្រុមហ៊ុនជប៉ុន Ispace ក៏បានបរាជ័យក្នុងមហិច្ឆតាក្លាយជាក្រុមហ៊ុនឯកជនដំបូងគេដែលនាំយានទៅចុះចតលើឋានព្រះចន្ទផងដែរ។
មូលហេតុនៃការបរាជ័យក្នុងបេសកកម្មអវកាសរបស់ជប៉ុននាពេលកន្លងត្រូវបានគេជឿថា កើតឡើងដោយសារបញ្ហារ៉ុក្កែត ក្នុងនោះមានជាអាទិ៍ រ៉ុក្កែត Epsilon បរាជ័យកាលពីខែតុលា 2022 និង រ៉ុក្កែត H3 បរាជ័យកាលពីខែមីនា 2023។ ការសាកល្បងរ៉ុក្កែត Epsilon S កាលពីខែកន្លង ក៏បានបញ្ចប់ដោយហេតុការណ៍ផ្ទុះ បន្ទាប់ពីការបញ្ឆេះម៉ាស៊ីនបាន 50 វិនាទី៕