នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយរបស់ខែសីហា និងដើមខែកញ្ញា 2023 ដុំបាល់ភ្លើងពណ៌ខៀវដ៏ចម្លែកនឹងបង្ហាញខ្លួន ភ្លឺច្បាស់ពេលមើលពីផែនដី។ នេះគឺជាលើកដំបូង ហើយអាចជាលើកចុងក្រោយដែលមនុស្សអាចមើលឃើញវាដោយភ្នែកទទេ។
យោងតាម Sky & Telescope ដុំបាល់ភ្លើងពណ៌ខៀវនេះគឺជាផ្កាយដុះកន្ទុយ C/2023 P1 Nishimura ឬហៅថាផ្កាយដុះកន្ទុយ Nishimura ដែលទើបត្រូវបានអ្នកចូលចិត្តតារាសាស្ត្រជនជាតិជប៉ុនប្រទះឃើញលើកដំបូងកាលពីថ្ងៃទី 12 សីហា 2023។
ពន្លឺរបស់ផ្កាយដុះកន្ទុយ C/2023 P1 Nishimura កើនឡើងជាបន្តបន្ទាប់ក្នុងពេលវាហោះសំដៅមកកាន់ព្រះអាទិត្យ ហើយវាក៏កាន់តែមកក្បែរផែនដី។
(រូបខាងក្រោម) គន្លងគោចររបស់ផ្កាយដុះកន្ទុយ Nishimura (ពីឆ្វេងមកស្ដាំ) ក្នុងអំឡុងពេលដែលអាចមើលឃើញដោយកែវយឹត (22 សីហា ដល់ 18 ឬ 20 កញ្ញា) ក្នុងនោះ មានថ្ងៃខ្លះអាចមើលឃើញដោយភ្នែកទទេ។ វានឹងផ្លាស់ទីពីកញ្ចុំផ្កាយ Gemini ឆ្លងកាត់ Cancer, Leo និងឆ្ពោះទៅកាន់កញ្ចុំផ្កាយ Virgo។
អ្នកជំនាញរបស់ Sky & Telescope ព្យាករថា មនុស្សអាចមើលឃើញផ្កាយដុះកន្ទុយនេះដោយភ្នែកទទេចាប់ពីចុងខែសីហា ខណៈដែលណាសាយល់ថា អំឡុងពេលដែលល្អបំផុតសម្រាប់ការគយគន់ដុំបាល់ភ្លើងខៀវនេះ គឺនៅដើមខែកញ្ញា នៅពេលថ្ងៃរះ ឬថ្ងៃលិច។
ក្រុមអ្នកជំនាញនិយាយថា ផ្កាយដុះកន្ទុយ Nishimura នឹងមានពន្លឺថយចុះជាបន្តបន្ទាប់ ហើយនឹងមិនអាចមើលឃើញចាប់ពីថ្ងៃទី 5 កញ្ញា មុននឹងហោះដល់ចំណុចក្បែរព្រះអាទិត្យបំផុត ហើយក៏អាចជាទីអវសានរបស់វា នៅថ្ងៃទី 18 កញ្ញា 2023៕