រ៉ូបូត​ស្វ័យប្រវត្ត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ឥណ្ឌា ចាប់ផ្ដើម​ចល័ត​លើ​ដី

បន្ទាប់​ពី​ស្ថានីយ​ Vikram បាន​ចុះ​ចត​ដោយ​ជោគ​ជ័យ​លើ​ឋាន​ព្រះ​ចន្ទ រ៉ូបូត​​ស្វ័យ​ប្រវត្ត​ Pragyan ក៏​ចាប់​ផ្ដើម​ចាក​ចេញ​ពី​ស្ថានីយ​ Vikram នៅ​វេលា​ម៉ោង 23 និង 13 នាទី ថ្ងៃ​ទី 23 សីហា​ (ពេល​វេលា​នៅ​កម្ពុជា)​។

មក​ដល់​ម៉ោង​ជិត 10 ព្រឹក​ ថ្ងៃ​ទី 24 សីហា (ម៉ោង​នៅ​កម្ពុជា) អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា (ISRO) ប្រកាស​ថា រ៉ូបូត​ Pragyan បាន​ចាក​ចេញ​ពី​ស្ថានីយ Vikram និង​ចាប់​ផ្ដើម​ការ​ស្រាវ​ជ្រាវ​លើ​ឋាន​ព្រះ​ចន្ទ​។

រ៉ូបូត​ Pragyan មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​សុនក​មួយ​ក្បាល​ និង​មាន​ទម្ងន់​ 26 គីឡូក្រាម​។ តាម​ផែនការ វា​នឹង​ប្រមូល​សំណាក​ដី​នៅ​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​។ ការ​ស្រាវជ្រាវ​របស់​រ៉ូបូត​នេះ​អាច​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​ស្វែង​យល់​អំពី​វិធី​ទាញ​យក​ទឹក​លើ​ឋាន​ព្រះ​ចន្ទ​ ដែល​នេះ​គឺជា​គោលដៅ​ចម្បង​ដែល​ប្រទេស​នានា​កំពុង​ចាប់​អារម្មណ៍​។

រ៉ូបូត​ Pragyan ​​ដែល​ដំណើរ​ការ​ដោយ​ថាមពល​ព្រះ​អាទិត្យ​ ​នឹង​ស្រាវជ្រាវ​អំពី​ផ្ទៃ​របស់​ព្រះចន្ទ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​លើ​ឋាន​នេះ​ (ប្រហែល​នឹង 14 ថ្ងៃ​នៅ​លើ​ផែនដី​) មុន​ពេល​រាត្រី​ព្រះ​ចន្ទ​មក​ដល់ ធ្វើ​ឱ្យ​ពួក​វា​អស់​ថាមពល​។

ស្ថានីយ​ចុះ​ចត​ Vikram របស់​យាន​អវកាស​ចន្ទ្រាយាន-3 បាន​ចុះ​ចត​ដោយ​ជោគ​ជ័យ​លើ​តំបន់​ក្បែរ​ប៉ូល​ខាង​ត្បូង​របស់​ព្រះ​ចន្ទ​នៅ​វេលា​ម៉ោង 19 និង 34 នាទី ថ្ងៃ​ទី 23 សីហា​ (ម៉ោង​នៅកម្ពុជា)​។ ជោគ​ជ័យ​របស់​ចន្ទ្រាយាន​-3 បាន​នាំ​ឱ្យ​ឥណ្ឌា​ក្លាយ​ជា​ប្រទេស​ទីបួន​លើ​ពិភពលោក​ដែល​មាន​យាន​​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​បាន​សម្រេច​ បន្ទាប់​ពី​សូវៀត អាម៉េរិក និង​ចិន​៕

Advertisement