បន្ទាប់ពីស្ថានីយ Vikram បានចុះចតដោយជោគជ័យលើឋានព្រះចន្ទ រ៉ូបូតស្វ័យប្រវត្ត Pragyan ក៏ចាប់ផ្ដើមចាកចេញពីស្ថានីយ Vikram នៅវេលាម៉ោង 23 និង 13 នាទី ថ្ងៃទី 23 សីហា (ពេលវេលានៅកម្ពុជា)។
មកដល់ម៉ោងជិត 10 ព្រឹក ថ្ងៃទី 24 សីហា (ម៉ោងនៅកម្ពុជា) អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) ប្រកាសថា រ៉ូបូត Pragyan បានចាកចេញពីស្ថានីយ Vikram និងចាប់ផ្ដើមការស្រាវជ្រាវលើឋានព្រះចន្ទ។
រ៉ូបូត Pragyan មានទំហំប្រហាក់ប្រហែលនឹងសុនកមួយក្បាល និងមានទម្ងន់ 26 គីឡូក្រាម។ តាមផែនការ វានឹងប្រមូលសំណាកដីនៅប៉ូលខាងត្បូងរបស់ព្រះចន្ទជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ ការស្រាវជ្រាវរបស់រ៉ូបូតនេះអាចដើរតួនាទីសំខាន់ក្នុងការស្វែងយល់អំពីវិធីទាញយកទឹកលើឋានព្រះចន្ទ ដែលនេះគឺជាគោលដៅចម្បងដែលប្រទេសនានាកំពុងចាប់អារម្មណ៍។
រ៉ូបូត Pragyan ដែលដំណើរការដោយថាមពលព្រះអាទិត្យ នឹងស្រាវជ្រាវអំពីផ្ទៃរបស់ព្រះចន្ទក្នុងរយៈពេលមួយថ្ងៃលើឋាននេះ (ប្រហែលនឹង 14 ថ្ងៃនៅលើផែនដី) មុនពេលរាត្រីព្រះចន្ទមកដល់ ធ្វើឱ្យពួកវាអស់ថាមពល។
ស្ថានីយចុះចត Vikram របស់យានអវកាសចន្ទ្រាយាន-3 បានចុះចតដោយជោគជ័យលើតំបន់ក្បែរប៉ូលខាងត្បូងរបស់ព្រះចន្ទនៅវេលាម៉ោង 19 និង 34 នាទី ថ្ងៃទី 23 សីហា (ម៉ោងនៅកម្ពុជា)។ ជោគជ័យរបស់ចន្ទ្រាយាន-3 បាននាំឱ្យឥណ្ឌាក្លាយជាប្រទេសទីបួនលើពិភពលោកដែលមានយានចុះចតលើឋានព្រះចន្ទបានសម្រេច បន្ទាប់ពីសូវៀត អាម៉េរិក និងចិន៕