ភ្លៀងធំដែលបង្កជាទឹកជំនន់ និងបំណាក់ដី បានបំផ្លាញផ្ទះសំបែង បណ្ដាលឱ្យមនុស្សយ៉ាងតិច 41 នាក់បាត់បង់ជីវិតនៅភាគខាងជើង ខណៈ 9 នាក់ផ្សេងទៀតបានស្លាប់ដោយសារបាក់ស្រុតវិហារ។
រូបភាពពីបណ្ដាញសង្គមបង្ហាញថា ជំនន់ទឹកភ្លៀងហូរចុះពីភ្នំ កួចយកផ្ទាំងថ្មធំៗ និងបំផ្លាញផ្ទះ សំណង់នានានៅក្នុងរដ្ឋ Himachal Pradesh នៅភាគខាងជើងប្រទេសឥណ្ឌា។
បន្ទាប់ពីគ្រោះទឹកជំនន់ និងបំណាក់ដីកើតឡើង សាកសពមនុស្ស 49 នាក់ត្រូវបានរកឃើញ គ្រាដែលអាជ្ញាធរក្នុងតំបន់កំពុងប្រឹងប្រែងដោះស្រាយបញ្ហា។ ក្នុងចំណោមអ្នកស្លាប់សរុប មានយ៉ាងតិច 9 នាក់បានស្លាប់នៅពេលទឹកជំនន់ហូរកាត់ ធ្វើឱ្យវិហារមួយនៅ Shimla ត្រូវបាក់រលំ។
មនុស្ស 5 នាក់ត្រូវបានសង្គ្រោះនៅក្នុងហេតុការណ៍បាក់រលំវិហារខាងលើ ប៉ុន្តែនៅមានមនុស្សពី 20 ទៅ 25 នាក់ទៀតកំពុងជាប់ក្នុងគំនរបាក់បែក ស្របពេលដែលសមត្ថកិច្ចកំពុងញាប់ដៃញាប់ជើងជួយសង្គ្រោះ។
អ្នកវិទ្យាសាស្ត្របានឱ្យដឹងថា ការប្រែប្រួលអាកាសធាតុកំពុងតែធ្វើឱ្យរដូវភ្លៀងនៅប្រទេសឥណ្ឌាប្រែជាវឹកវរ និងខុសធម្មតា បង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរជាងមុន៕