អភិបាលរដ្ឋហាវ៉ៃ (Hawaii) របស់សហរដ្ឋអាម៉េរិក ឱ្យដឹងថា តួលេខអ្នកស្លាប់ក្នុងករណីឆេះព្រៃនៅលើកោះ Maui រដ្ឋហាវ៉ៃ បានកើតដល់ 99 នាក់ ហើយអាចកើនឡើងទ្វេដងទៀតក្នុងរង្វង់ 10 ថ្ងៃខាងមុខ។
«កម្លាំងសង្គ្រោះទើបតែស្វែងរកនៅក្នុងតំបន់តូចមួយនៅក្បែរឆ្នេរសមុទ្រ Lahaina ក្នុងនោះមានសាកសពពី 10 ទៅ 20 នាក់ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ។ ចំនួនមនុស្សស្លាប់ត្រូវបានបញ្ជាក់ថា 99 នាក់។ តួលេខនេះនឹងកើនឡើងច្រើន អាចទ្វេដងក្នុងរង្វង់ 10 ថ្ងៃទៀត» អភិបាលរដ្ឋហាវៃ លោក Josh Green កាលពីថ្ងៃទី 14 សីហា ឱ្យដឹងដូច្នេះ។
កាលពីថ្ងៃទី 08 សីហា ភ្លើងព្រៃចំនួន 3 ករណី បានកើតឡើង និងឆាបឆេះពេញទីរួមស្រុកទេសចរណ៍ Lahaina និងតំបន់មួយចំនួនផ្សេងទៀត ធ្វើឱ្យគ្រប់យ៉ាងនៅទីនេះស្ថិតក្នុងអណ្ដាតភ្លើង។ ដោយសារតែរុក្ខជាតិស្ងួតក្រាស់ បូករួមនឹងខ្យល់ខ្លាំង នាំឱ្យអណ្ដាតភ្លើងធ្វើដំណើរយ៉ាងលឿន ធ្វើឱ្យប្រជាជនជាច្រើនរត់គេចមិនទាន់ពេល។
គិតមកដល់ថ្ងៃនេះ អ្នកដែលកំពុងបាត់ខ្លួនមានចំនួនប្រហែល 1,300 នាក់ ស្របពេលដែលប្រជាជនរងគ្រោះជាច្រើនបានទាក់ទងមកកាន់សមត្ថកិច្ច។