ផ្កាយ TRAPPIST-1 បានក្លាយជាទីជជែកវែកញែកតាំងពីយូរមកហើយ នៅពេលក្រុមអ្នកវិទ្យាសាស្ត្រព្រួយបារម្ភអំពីកត្តាមួយចំនួនពីផ្កាយមេ និងកត្តាផ្ទៃក្នុងរបស់បណ្ដាភពនេះ អាចរារាំងលទ្ធភាពកកើតជីវិត។
ក៏ប៉ុន្តែ លទ្ធផលនៃការសិក្សាស្រាវជ្រាវដែលទើបត្រូវបានប្រកាសលើទស្សនាវដ្ដីវិទ្យាសាស្ត្រ Nature ដែលនាំមុខដោយតារាវិទូ Frank Selsis មកពីសាកលវិទ្យាល័យ Bordeaux (បារាំង) បាននាំមកនូវដំណឹងល្អដ៏ធំមួយ។
TRAPPIST-1 គឺជាផ្កាយក្រិនពណ៌ក្រហមមួយដួង មានទំហំតូចខ្លាំង និងត្រជាក់ជាងព្រះអាទិត្យឆ្ងាយណាស់ ហើយមានចម្ងាយពីផែនដីត្រឹមតែ 40 ឆ្នាំពន្លឺប៉ុណ្ណោះ។
ភពទាំង 7 របស់ផ្កាយ TRAPPIST-1 មានទំហំ និងរូបរាងខុសៗគ្នា និងសុទ្ធតែមានចំណុចពិសេសមួយចំនួនដែលដូចទៅនឹងផែនដី ដែលអាចគាំទ្រដល់ភាវៈរស់។
អ្វីដែលធ្វើឱ្យអ្នកវិទ្យាសាស្ត្រចាប់អារម្មណ៍ជាងគេគឺ ភពទាំង 7 នេះសុទ្ធតែមានលទ្ធភាពខ្ពស់ អាចផ្ទុកទឹករាវនៅលើផ្ទៃ ឬនៅក្រោមដី។ ក៏ប៉ុន្តែ មានឧបសគ្គមួយចំនួនត្រូវបានលើកឡើងនាពេលកន្លង។ ភាពចម្លែករបស់ «ភពមហាសមុទ្ឬ» មួយចំនួនក្នុងចំណោមនោះ បានធ្វើឱ្យក្រុមអ្នកវិទ្យាសាស្ត្រព្រួយបារម្ភ។ ពួកគេយល់ថា ការដែលពួកវាមានទឹកច្រើនពេកធៀបនឹងផែនដី នឹងបង្កផលវិបាកដល់ភាវៈរស់។
ក្ដីបារម្ភធំបំផុតនៅតែជាផ្កាយមេ TRAPPIST-1។ ផ្កាយក្រិនក្រហមនេះត្រជាក់មែនពិត ប៉ុន្តែដោយសារតែវាមានវិទ្យុសកម្មដ៏ខ្លាំងក្លា ដូច្នេះទឹកក្នុងបរិយាកាសប្រាកដជាត្រូវហួតទៅក្នុងទីអវកាស ហើយពួកវានឹងក្លាយជា «ភពសុក្រ» របស់ផ្កាយ TRAPPIST-1 ជំនួសឱ្យផែនដី។
ទោះយ៉ាងណាក៏ដោយ បណ្ឌិត Selsis ឱ្យដឹងថា ពន្លឺផ្កាយក្រិនក្រហមដូច TRAPPIST-1 ត្រូវថយចុះទៅតាមពេលវេលា ដែលនេះមានន័យថា អនាគតរបស់ពួកវានៅតែអាចមានទឹក។
រូបមន្តដែលលោក Frank Selsis និងសហការីបានអភិវឌ្ឍ បង្ហាញថា TRAPPIST-1 ដំបូងឡើយគឺពិតជាបានដុតកម្ដៅភពទាំង 7 របស់វា ប៉ុន្តែដោយសារតែជាផ្កាយក្រិនក្រហម ដូច្នេះវានឹងមិនមានកម្ដៅច្រើនគ្រប់គ្រាន់ដើម្បីដុតរំលាយសម្បកខាងលើ និងស្រទាប់បន្ទាប់របស់បណ្ដាភពម៉ាក់ម៉ានេះ។
ប្រការនេះមានន័យថា មានទឹកជាច្រើននៅតែស្ថិតក្នុងថ្ម ពោលគឺថា ការដែលបណ្ដាភពនេះលិចទឹក គឺនាំមកនូវផលប្រយោជន៍ច្រើនផងដែរ។ ក្នុងពេលដែលផ្កាយមេចុះត្រជាក់ បណ្ដាមហាសមុទ្រទឹករាវក៏ទំនងជាបានកើតឡើង ហើយមកដល់បច្ចុប្បន្ន អាចមានភាវៈរស់ប្រកបដោយភាពសម្បូរបែប។
យោងតាមទំព័រ Space ការរកឃើញខាងលើ មិនត្រឹមតែជួយឱ្យអ្នកវិទ្យាសាស្ត្រមានក្ដីសង្ឃឹមច្រើនជាងមុននោះទេ តែក៏បង្កើនឱកាសច្រើនដើម្បីអាចបញ្ចាក់បានថា មនុស្សជាតិមិនមែននៅឯកាក្នុងកាឡាក់ស៊ីមីលគីវ៉េ ឬចក្រវាលទាំងមូលឡើយ ព្រោះថា ផ្កាយដូច TRAPPIST-1 គឺជាផ្កាយដែលមានច្រើនជាងគេនៅក្នុងកាឡាក់ស៊ីរបស់ផែនដី៕