ការបាញ់បង្ហោះយានអវកាសចុះចតលើឋានព្រះចន្ទរបស់រុស្ស៊ី កាលពីថ្ងៃទី 11 សីហា គឺជាការប្រឹងប្រែងថ្មីក្នុងការប្រកួតប្រជែងឡើងទៅកាន់ឋានព្រះចន្ទ ដែលនៅទីនេះមានទាំង «អ្នកលេងជើងចាស់» និង «អ្នកលេងជើងថ្មី»។
ប្រទេសចិន
ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទីពីរក្នុងពិភពលោក បាន និងកំពុងវិនិយោគរាប់ពាន់លានដុល្លារទៅក្នុងកម្មវិធីអវកាស ដោយមានគោលដៅតាមឱ្យទាន់សហរដ្ឋអាម៉េរិក និងរុស្ស៊ី។ ឆ្នាំ 2003 ប្រទេសចិនបានក្លាយជាប្រទេសទីបីដែលនាំមនុស្សឡើងទៅកាន់គន្លងតារាវិថី។ ឆ្នាំ 2022 ស្ថានីយអវកាសធានហ្កុង (Tiangong) ត្រូវបានដំឡើងជារៀងអក្សរ T រួចរាល់។
ចិនក៏បាននាំយកបណ្ដារ៉ូបូតស្វ័យប្រវត្តឡើងទៅកាន់ភពអង្គារ និងព្រះចន្ទដោយជោគជ័យ។ ប្រទេសនេះក៏មានគម្រោងនាំមនុស្សឡើងទៅជាន់ដីឋានព្រះចន្ទក្នុងឆ្នាំ 2030 និងសងសង់មូលដ្ឋាននៅទីនោះផងដែរ។
សហរដ្ឋអាម៉េរិក
តាមផែនការក្នុងកម្មវិធី Artemis ណាសាគ្រោងនឹងបំពេញបេសកកម្មជាច្រើនសម្រាប់ការឡើងទៅកាន់ឋានព្រះចន្ទជាថ្មីនៅឆ្នាំ 2025 ហើយរស់នៅយូរអង្វែងនៅទីនោះ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់ដំណើរឆ្ពោះទៅកាន់ភពអង្គារ។
ដើមសប្ដាហ៍នេះ ណាសាឱ្យដឹងថា Artemis 3 អាចនឹងមិននាំមនុស្សចុះចតលើឋានព្រះចន្ទ ប៉ុន្តែប្រការនេះគឺអាស្រ័យលើកត្តាសំខាន់មួយចំនួន មានដូចជា ប្រព័ន្ធចុះចតរបស់ SpaceX ជាដើម។
ប្រទេសរុស្ស៊ី
ការបាញ់បង្ហោះ Luna-25 របស់រុស្ស៊ីកាលពីថ្ងៃទី 11 សីហា 2023 គឺជាលើកដំបូងដែលប្រទេសនេះដាក់គោលដៅលើឋានព្រះចន្ទ រាប់ចាប់ពីឆ្នាំ 1976 នៅពេលបេសកកម្ម Luna-24 បាននាំយកសំណាកដីព្រះចន្ទមកកាន់ផែនដីដោយជោគជ័យ។ Luna-25 គឺជាបេសកកម្មដំបូងនៃផែនការព្រះចន្ទថ្មីរបស់ទីក្រុងមូស្គូ។
ក្រុម «អ្នកលេងជើងថ្មី»
ការរីកចម្រើនរបស់បច្ចេកវិទ្យាបាន និងកំពុងជួយកាត់បន្ថយការចំណាយសម្រាប់បណ្ដាបេសកកម្មអវកាស ដែលបើកផ្លូវឱ្យក្រុមប្រទេសថ្មីចូលរួមប្រកួតប្រជែង។ យានអវកាសរបស់ឥណ្ឌា Chandrayaan-3 បានចូលដល់គន្លងតារាវិធីព្រះចន្ទកាលពីដើមខែសីហានេះ ដើម្បីត្រៀមសម្រាប់ការចុះចតនៅចុងខែ។
ក៏ប៉ុន្តែ ការឡើងទៅជាន់ដីឋានព្រះចន្ទ មិនមែនជារឿងងាយស្រួលឡើយ។ អង្គការមិនស្វែងរកកម្រៃ SpaceIL របស់ប្រទេសអ៊ីស្រាអែល បានបាញ់បង្ហោះយានចុះចតលើឋានព្រះចន្ទ Beresheet កាលពីឆ្នាំ 2009 ប៉ុន្តែបានបរាជ័យ។ កាលពីខែមេសាឆ្នាំ 2023 ក្រុមហ៊ុនជប៉ុន ISpace ក៏បានបន្តទទួលបរាជ័យក្នុងការប្រកួតប្រជែងនាំស្ថានីយអវកាសទៅចុះចតលើឋានព្រះចន្ទ។
ក្រុមហ៊ុនពីររបស់អាម៉េរិក គឺ Astrobotic និង Intuitive Machines ក៏នឹងធ្វើការបាញ់បង្ហោះយានទៅចុះចតលើឋានព្រះចន្ទនៅចុងឆ្នាំនេះ៕