ប្រព័ន្ធដែលមិនមែនជាឧបករណ៍បច្ចេកទេសនៅលើយានអវកាស Voyager 1 និង Voyager 2 ត្រូវបានបិទខ្លះហើយ ដោយសង្ឃឹមថា នឹងជួយឱ្យពួកវាធ្វើសកម្មភាពរហូតដល់ឆ្នាំ 2030 ហើយក្រោយមក ពួកវាអាចនឹងដាច់ទំនាក់ទំនងជាមួយផែនដី។
យានអវកាស Voyager 1 និង 2 របស់ណាសា ដែលត្រូវបានបាញ់បង្ហោះមុនក្រោយគ្នា 16 ថ្ងៃ ក្នុងឆ្នាំ 1977 ត្រូវបានរចនាឡើងដើម្បីអាចបំពេញបេសកកម្មបាន 5 ឆ្នាំ។ យានមួយគូនេះបានសិក្សាស្រាវជ្រាវភពព្រហស្បតិ៍ ភពសៅរ៍ ភពអ៊ុយរ៉ានុស ភពណេបទូន និងព្រះចន្ទជាច្រើនទៀត។
ក៏ប៉ុន្តែ ក្រោយធ្វើសកម្មភាពបានជិត 46 ឆ្នាំ មកដល់ពេលនេះ យានអវកាសមួយគូនេះបង្កើតបានកំណត់ត្រាដ៏អស្ចារ្យ នៅពេលបានហោះឆ្លងផុតព្រំដែននៃតំបន់ឥទ្ធិពលរបស់ព្រះអាទិត្យ។ ពួកវានៅតែបន្តបញ្ជូនទិន្នន័យមកកាន់ផែនដី បើទោះស្ថិតក្នុងបរិស្ថានអន្តរតារា ដែលជាតំបន់អាថ៌កំបាំងនៅចន្លោះផ្កាយនានា។ ទោះជាពេលខ្លះជួបបញ្ហាបច្ចេកទេស ដាច់ទំនាក់ទងនឹងផែនដី ប៉ុន្តែដំណើរហោះហើរក្នុងទីអវកាសរបស់ពួកវា ទំនងជាអាចបន្តទៅមុខយូរទៀត។ នេះបើតាម Business Insider ចុះផ្សាយកាលពីថ្ងៃទី 04 សីហា។
ណាសាផលិតយាន Voyager គឺដើម្បីស្រាវជ្រាវផ្នែកខាងក្រៅរបស់ប្រព័ន្ធព្រះអាទិត្យ។ ក្រោយពីចប់បេសកកម្មសំខាន់ ពួកវាបន្តហោះហើរផ្សងព្រេងក្នុងកាឡាក់ស៊ីមីលគីវ៉េ និងថតបានទិដ្ឋភាពចក្រវាលដ៏សែនអស្ចារ្យ។
កាលពីថ្ងៃទី 14 កុម្ភៈ 1990 Voyager 1 ថតបានរូបភាព «Pale Blue Dot» (ចំណុចពណ៌ខៀវ) ពីចម្ងាយ 6.4 ពាន់លានគីឡូម៉ែត្រ។ នោះគឺជារូបភាពនិមិត្តរូប និងជារូបថតឆ្ងាយបំផុតស្ដីពីផែនដី។
ក្នុងទសវត្សរ៍កន្លង Voyager 1 បានស្រាវជ្រាវតំបន់អន្តរតារា ជាទីដែលមានធូលី ឧស្ម័ន និងគ្រាប់ដែលមានផ្ទុកអគ្គិសនីយ៉ាងក្រាស់។ Voyager 2 បានទៅដល់តំបន់អន្តរតារាក្នុងឆ្នាំ 2018 ក្រោយ Voyager 1 6 ឆ្នាំ។ ការស្រាវជ្រាវរបស់ពួកវាទាក់ទងនឹងឧស្ម័ននៅតំបន់អន្តរតារា បានជួយឱ្យក្រុមតារាវិទូយល់ដឹងអំពីទីអវកាសដ៏អាថ៌កំបាំងនេះ។
នៅក្នុងគន្លាតប្រហែល 23.8 ពាន់លានគីឡូម៉ែត្រពីផែនដី Voyager 1 កំពុងហោះហើរក្នុងបរិស្ថានអន្តរតារាដ៏ងងឹត។ វាគឺជាយានអវកាសរបស់មនុស្សដែលបានហោះទៅឆ្ងាយពីផែនដីបំផុត។ ដោយសារតែហោះក្នុងទិសដៅផ្សេងគ្នា ដូច្នេះ Voyager 2 បច្ចុប្បន្នមានគម្លាតពីផែនដីប្រហែល 19.8 ពាន់លានគីឡូម៉ែត្រ។
ប៉ុន្មានឆ្នាំមកនេះ ដោយមានការប្រឹងប្រែងដើម្បីគ្រប់គ្រងថាមពល ក្រុមវិស្វករបានបិទប្រព័ន្ធមួយចំនួនដែលមិនមែនជាឧបករណ៍បច្ចេកទេសនៅលើយានទាំងពីរនេះ ក្នុងនោះមានដូចជាប្រព័ន្ធកម្ដៅសម្រាប់ឧបករណ៍វិទ្យាសាស្ត្រជាដើម ដោយសង្ឃឹមថា ពួកវាអាចនឹងបំពេញភារកិច្ចបានដល់ឆ្នាំ 2030។ បន្ទាប់ពីនោះ ពួកវាទំនងជាអស់លទ្ធភាពក្នុងការរក្សាទំនាក់ទំនងជាមួយផែនដី។
ក៏ប៉ុន្តែ ក្រោយពីអស់ថាមពល Voyager នឹងនៅតែបន្តហោះហើរអណ្ដែតត្រសែតក្នុងតំបន់អន្តរតារា។ ណាសាឱ្យដឹងថា ប្រហែល 300 ឆ្នាំទៀត Voyager 1 នឹងហោះចូលដល់ពពក Oort ជាតំបន់ដែលមានរូបរាងមូលនៅខាងក្រៅគន្លងគោចររបស់ភពភ្លុយតូ និងមានផ្ទុកផ្កាយដុះកន្ទុយត្រជាក់ចំនួនរាប់ពាន់លានដុំ។ Voyager នឹងត្រូវចំណាយពេល 30,000 ឆ្នាំទៀតដើម្បីហោះទៅដល់ចំណុចចុងក្រោយបង្អស់របស់ពពក Oort និងប្រហែល 40,000 ឆ្នាំទៀតដើម្បីទៅដល់ AC+ 79 3888 ជាផ្កាយមួយដួងដែលស្ថិតក្នុងកញ្ចុំផ្កាយ Camelopardalis។
ចំណែក Voyager 2 វិញ ប្រហែល 296,000 ឆ្នាំទៀត នឹងហោះឆ្លងកាត់ Sirius ជាផ្កាយមួយដួងដែលភ្លឺជាងគេក្នុងរាត្រីនៅលើផែនដី។ ណាសាឱ្យដឹងថា យាន Voyager ប្រហែលជាហោះអណ្ដែតត្រសែតជារៀងរហូតនៅក្នុងកាឡាក់ស៊ីមីលគីវ៉េ៕