នៅពេលស្ថិតក្នុងទីអវកាសដោយមិនបានពាក់ឈុតការពារ មនុស្សអាចបាត់បង់ស្មារតីដោយសារតែកង្វះអុកស៊ីសែន ក្រោយរយៈពេលប្រហែលពី 10 ទៅ 15 នាទី ហើយក៏បាត់បង់ជីវិតយ៉ាងឆាប់រហ័ស។
សម្លៀកបំពាក់អវកាសអនុញ្ញាតឱ្យមនុស្សចេញមកខាងក្រៅយានអវកាសក្នុងរយៈពេលខ្លី តាមរយៈការផ្គត់ផ្គង់ខ្យល់អុកស៊ីសែន ទឹក សម្ពាធ និងការការពាររាងកាយ។ ប៉ុន្តែ បើសិនមិនបានប្រើប្រាស់ឈុតសម្លៀកបំពាក់អវកាស តើមនុស្សនឹងត្រូវប្រឈមនឹងបញ្ហាអ្វីខ្លះ ហើយអាចរស់បានយូរប៉ុនណា?
យោងតាម Stefaan de Mey បុគ្គលិកផ្នែកយុទ្ធសាស្ត្រនៅទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) ក្នុងរយៈពេលខ្លី ប្រហែលពី 10 ទៅ 15 វិនាទី មនុស្សនឹងបាត់បង់ស្មារតី ដោយសារតែកង្វះអុកស៊ីសែន។ ក្នុងទីអវកាស អុកស៊ីសែនក្លាយជាបញ្ហាធ្ងន់ធ្ងរ។ «អុកស៊ីសែនចាប់ផ្ដើមរីកឡើង និងធ្វើឱ្យបែកសួត ឈាមប្រែជាពុះ និងបែកពពុះ នាំឱ្យស្ទះសរសៃឈាម បង្កគ្រោះថ្នាក់ដល់ជីវិត» Mey ឱ្យដឹងដូច្នេះ។
កង្វះសម្ពាធទាំងស្រុងក៏ធ្វើឱ្យមានបញ្ហាជាច្រើនផ្សេងទៀតដែលគ្រោះថ្នាក់ដល់ជីវិត។ ធាតុរាវរបស់រាងកាយ មានដូចជាទឹកមាត់ និងទឹកភ្នែកជាដើមនឹងត្រូវពុះ។ រាងកាយមនុស្សនឹងប៉ោងឡើង ប៉ុន្តែស្បែកអាចទប់ទល់នឹងការប្រែប្រួលសម្ពាធ។ ក្នុងករណីសំណាងល្អបំផុត អ្នកនឹងមានពេលច្រើនវិនាទី មុនពេលប្រើប្រាស់អស់អុកស៊ីសែនក្នុងសរសៃឈាម ហើយអ្នកក៏ចាប់ផ្ដើមបាត់បង់ស្មារតី។ ដោយសារមិនអាចកែប្រែស្ថានការណ៍ អាការស្លាប់ខួរក្បាលនឹងកើតឡើងក្រោយរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ លើកលែងតែអ្នកត្រូវបានគេសង្គ្រោះទាន់ពេល។
ក្រៅពីការផ្ដល់អុកស៊ីសែន និងសម្ពាធ ឈុតសម្លៀកបំពាក់អវកាសក៏ការពារមនុស្សពីការគំរាមកំហែង និងហានិភ័យនានា ក្នុងនោះរួមមាន កម្ដៅដល់ 120 អង្សាសេ ត្រជាក់ដល់ -150 អង្សាសេ និងវិទ្យុសកម្មដែលអាចឱ្យកើតជំងឺមហារីក ឬអាចម៍ផ្កាយបុកទម្លុះរាងកាយជាដើម៕