ការ​ធ្វើ​អន្តរាគមន៍​យោធា​លើប្រទេស​​នី​ហ្សេ ត្រូវ​បាន​ ECOWAS អនុម័ត​

ECOWAS ប្រកាសថា ក្រុម​ប្រទេស​នេះ​បាន​ឯកភាព​ជ្រើស​យក​ផែន​ការធ្វើអន្តរាគមន៍​លើ​ប្រទេស​នី​ហ្សេ បើសិន​ក្រុម​រដ្ឋប្រហារ​យោធា​មិន​ប្រគល់​អំណាច​ត្រលប់​មកឱ្យ​អាជ្ញាធរ​ស៊ីវិល។

«រាល់​កត្តា​នៅក្នុង​សេណារីយោ​ធ្វើ​អន្តរាគមន៍​ត្រូវបាន​កំណត់រួច​រាល់​ហើយ ក្នុងនោះ​ក៏មាន​ផែនការ​ប្រមូល​កម្លាំង​ចាំបាច់ យន្តការ និង​ពេលវេលា​នៃ​ការដាក់​ពង្រាយ​កងកម្លាំង​ផងដែរ​» Abdel-Fatau Musah ស្នងការ​សហគមន៍​សេដ្ឋកិច្ច​បណ្ដា​ប្រទេស​អាហ្វ្រិក​ខាងលិច (ECOWAS) កាលពី​ថ្ងៃទី 04 សីហា បានឱ្យដឹង​ដូច្នេះ។

លោក Musah មិនទាន់​ប្រកាស​នៅឡើយ​អំពី​ពេលវេលា​ជាក់លាក់​ដែល​ក្រុម​ប្រទេស ECOWAS នឹងធ្វើ​អន្តរាគមន៍​យោធា​នៅ​ប្រទេស​នី​ហ្សេ។ យោងតាម​លោក Musah ក្រុម ECOWAS ចង់ឱ្យ​វិធានការ​ការទូត​មាន​ប្រសិទ្ធភាព និង​បញ្ជូន​សារ​ច្បាស់លាស់​ទៅកាន់​អាជ្ញាធរ​យោ​ធានី​ហ្សេ​​ឱ្យ​ដឹង​ថា យើង​កំពុង​ផ្ដល់ឱកាស​ឱ្យ​ពួកគេ​ប្រែ​ត្រលប់​នូវ​អ្វីដែល​បានធ្វើ»។

ក្រុម​មេបញ្ជាការ​កងទ័ព​នៃ​បណ្ដា​ប្រទេស​ក្នុង​ក្រុម ECOWAS នា​សប្ដាហ៍​នេះ មាន​កិច្ចប្រជុំ​មួយ​នៅ​រដ្ឋធានី​អា​ប៊ូ​ហ្សា​ នៃ​ប្រទេស​នី​ហ្សេ​រី​យ៉ា បន្ទាប់ពី​កងកម្លាំង​យោធា​នី​ហ្សេ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​លោក Mohamed Bazoum កាលពី​ថ្ងៃទី 26 កក្កដា។

អាជ្ញាធរ​យោធា​នី​ហ្សេ កាលពី​ថ្ងៃទី 04 សីហា ក៏បាន​ប្រកាសថា ប្រទេស​នេះ​នឹង​លុបចោល​កិច្ចសហប្រតិបត្តិការ​ការពា​រ​ជាតិ​ជាមួយនឹង​បារាំង។ ក៏ប៉ុន្តែ ទីក្រុង​ប៉ារីស​វិញ បាន​អះអាងថា ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំងពីរ​មិនមាន​ការប្ដូរ​ផ្លាស់ ព្រោះ​មិន​ទទួលស្គាល់​ក្រុម​រដ្ឋប្រហារ និង​បញ្ជាក់ថា មានតែ​អាជ្ញាធរ​ស្របច្បាប់​នៅ​នី​ហ្សេ​ប៉ុណ្ណោះ ​ទើប​មាន​សិទ្ធិ​សម្រេច។

ផែនទី​នៃ​ក្រុម​ប្រទេស​ ECOWAS នៅ​អាហ្វ្រិក​ខាង​លិច

កាលពី​ចុង​សប្ដាហ៍​កន្លង ECOWAS បានសម្រេច​ចិត្ត​ដាក់ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​ចំពោះ​នី​ហ្សេ និង​បានដាក់​ឱសានវាទផ្ដល់​ឱកាស​មួយ​សប្ដាហ៍​ដើម្បី​​ឱ្យ​អាជ្ញាធរ​យោធា​នៅ​នី​ហ្សេ​ ​ប្រគល់​អំណាច។

ECOWAS មាន​សមាជិក 15 ប្រទេស​នៅ​អាហ្វ្រិក រួមមាន កាបវែរ, ហ្គំប៊ី, ហ្គីណេ, ហ្គីណេប៊ីហ្សូ​, លីបេរីយ៉ា​, ម៉ាលី​, សេណេហ្កាល់​, សៀរ៉ាឡេអូន​, បេណាំង​, បួគីណាហ្វាសូ​, ហ្គាណា​, កូតឌឺវ័រ​, នីហ្សេ​, នីហ្សេរីយ៉ា​, តូហ្គោ​​។ ប៉ុន្តែ ម៉ាលី  និង បួគីណាហ្វាសូ​ ត្រូវបាន ECOWAS ព្យួរ​អាសនៈ ព្រោះតែ​ក្រុម​រដ្ឋប្រហារ​យោធា​ឡើងកាន់​អំណាច។ ម៉ាលី  និង បួគីណាហ្វាសូ ប្រកាសថា នឹង​ចូលធ្វើ​សង្គ្រាម បើសិន​នី​ហ្សេ​ត្រូវ​បរទេស​ធ្វើ​អន្តរាគមន៍​យោធា៕

Advertisement