ECOWAS ប្រកាសថា ក្រុមប្រទេសនេះបានឯកភាពជ្រើសយកផែនការធ្វើអន្តរាគមន៍លើប្រទេសនីហ្សេ បើសិនក្រុមរដ្ឋប្រហារយោធាមិនប្រគល់អំណាចត្រលប់មកឱ្យអាជ្ញាធរស៊ីវិល។
«រាល់កត្តានៅក្នុងសេណារីយោធ្វើអន្តរាគមន៍ត្រូវបានកំណត់រួចរាល់ហើយ ក្នុងនោះក៏មានផែនការប្រមូលកម្លាំងចាំបាច់ យន្តការ និងពេលវេលានៃការដាក់ពង្រាយកងកម្លាំងផងដែរ» Abdel-Fatau Musah ស្នងការសហគមន៍សេដ្ឋកិច្ចបណ្ដាប្រទេសអាហ្វ្រិកខាងលិច (ECOWAS) កាលពីថ្ងៃទី 04 សីហា បានឱ្យដឹងដូច្នេះ។
លោក Musah មិនទាន់ប្រកាសនៅឡើយអំពីពេលវេលាជាក់លាក់ដែលក្រុមប្រទេស ECOWAS នឹងធ្វើអន្តរាគមន៍យោធានៅប្រទេសនីហ្សេ។ យោងតាមលោក Musah ក្រុម ECOWAS ចង់ឱ្យវិធានការការទូតមានប្រសិទ្ធភាព និងបញ្ជូនសារច្បាស់លាស់ទៅកាន់អាជ្ញាធរយោធានីហ្សេឱ្យដឹងថា យើងកំពុងផ្ដល់ឱកាសឱ្យពួកគេប្រែត្រលប់នូវអ្វីដែលបានធ្វើ»។
ក្រុមមេបញ្ជាការកងទ័ពនៃបណ្ដាប្រទេសក្នុងក្រុម ECOWAS នាសប្ដាហ៍នេះ មានកិច្ចប្រជុំមួយនៅរដ្ឋធានីអាប៊ូហ្សា នៃប្រទេសនីហ្សេរីយ៉ា បន្ទាប់ពីកងកម្លាំងយោធានីហ្សេធ្វើរដ្ឋប្រហារទម្លាក់លោក Mohamed Bazoum កាលពីថ្ងៃទី 26 កក្កដា។
អាជ្ញាធរយោធានីហ្សេ កាលពីថ្ងៃទី 04 សីហា ក៏បានប្រកាសថា ប្រទេសនេះនឹងលុបចោលកិច្ចសហប្រតិបត្តិការការពារជាតិជាមួយនឹងបារាំង។ ក៏ប៉ុន្តែ ទីក្រុងប៉ារីសវិញ បានអះអាងថា ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរមិនមានការប្ដូរផ្លាស់ ព្រោះមិនទទួលស្គាល់ក្រុមរដ្ឋប្រហារ និងបញ្ជាក់ថា មានតែអាជ្ញាធរស្របច្បាប់នៅនីហ្សេប៉ុណ្ណោះ ទើបមានសិទ្ធិសម្រេច។
កាលពីចុងសប្ដាហ៍កន្លង ECOWAS បានសម្រេចចិត្តដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្ម និងហិរញ្ញវត្ថុចំពោះនីហ្សេ និងបានដាក់ឱសានវាទផ្ដល់ឱកាសមួយសប្ដាហ៍ដើម្បីឱ្យអាជ្ញាធរយោធានៅនីហ្សេ ប្រគល់អំណាច។
ECOWAS មានសមាជិក 15 ប្រទេសនៅអាហ្វ្រិក រួមមាន កាបវែរ, ហ្គំប៊ី, ហ្គីណេ, ហ្គីណេប៊ីហ្សូ, លីបេរីយ៉ា, ម៉ាលី, សេណេហ្កាល់, សៀរ៉ាឡេអូន, បេណាំង, បួគីណាហ្វាសូ, ហ្គាណា, កូតឌឺវ័រ, នីហ្សេ, នីហ្សេរីយ៉ា, តូហ្គោ។ ប៉ុន្តែ ម៉ាលី និង បួគីណាហ្វាសូ ត្រូវបាន ECOWAS ព្យួរអាសនៈ ព្រោះតែក្រុមរដ្ឋប្រហារយោធាឡើងកាន់អំណាច។ ម៉ាលី និង បួគីណាហ្វាសូ ប្រកាសថា នឹងចូលធ្វើសង្គ្រាម បើសិននីហ្សេត្រូវបរទេសធ្វើអន្តរាគមន៍យោធា៕