ក្រុមអ្នកវិទ្យាសាស្ត្របានបង្ហើបឱ្យដឹងអំពីយុគសម័យចុងក្រោយនៃជីវិតរបស់ផ្កាយមួយដួង តាមរយៈរូបភាពដែលថតបានដោយតេឡេស្កុបអវកាស James Webb។
តេឡេស្កុបអវកាស James Webb ថតបានរង្វង់មូលដ៏ស្រស់ស្អាតរបស់នេប៊ូឡាមួយមានឈ្មោះថា Messier 57 (M57) ដែលមានចម្ងាយពីផែនដីប្រហែល 2,200 ឆ្នាំពន្លឺ (មួយឆ្នាំពន្លឺស្មើនឹង 9.46 ទ្រីលានគីឡូម៉ែត្រ)។
រង្វង់មូលរបស់នេប៊ូឡាគឺជាផ្នែកដែលនៅសល់ និងបញ្ចេញពន្លឺ របស់ផ្កាយមួយដួងដែលបានស្លាប់។ នៅចំកណ្ដាលរង្វង់មូលនេះមានចំណុចពណ៌សតំណាងឱ្យកូនផ្កាយ ដែលជាស្នូលរបស់ផ្កាយដែលបានស្លាប់បន្ទាប់ពីបានរីកមាឌ។
នៅពេលផ្កាយទាំងឡាយដែលមានទំហំប្រហាក់ប្រហែលនឹងព្រះអាទិត្យ អស់ថាមពលសម្រាប់ប្រតិកម្មនុយក្លេអែរ ពួកវានឹងមិនអាចទប់ទល់នឹងទំនាញពីខាងក្នុងខ្លួនរបស់ពួកវា ហើយក៏បាត់បង់តុល្យភាពដែលធ្លាប់បានរក្សាឱ្យពួកវាស្ថិតនៅរាប់ពាន់លានឆ្នាំកន្លង។
ពេលដែលស្នូលរបស់ផ្កាយត្រូវបែកធ្លាយ ស្រទាប់ខាងក្រៅដែលជាកន្លែងប្រតិកម្មនុយក្លេអែរ ក៏ត្រូវបក់បំប៉ើងទៅទីអវកាស។ ក្នុងគ្រាដំបូង បាតុភូតនេះនឹងធ្វើឱ្យផ្កាយដូចព្រះអាទិត្យ រីកមាឌយ៉ាងធំ និងឆាប់រហ័ស ប្រៀបបានទៅនឹងការផ្ទុះ។
ស្រទាប់វត្ថុធាតុខាងក្រៅរបស់ផ្កាយដែលបានរីកមាឌនេះ ចុងក្រោយក៏ចុះត្រជាក់ និងភាយទៅឆ្ងាយពីចំណុចកណ្ដាល បង្កើតបានជាពពកដែលមានរូបរាងផ្សេងៗ មានដូចជា រូបរាងមូល រាងដូចភ្នែក ឬរង្វង់មូលដូច M57ជាដើម៕