បច្ចេកវិទ្យា និងបច្ចេកទេសថ្មីបានជួយឱ្យអ្នកវិទ្យាសាស្ត្ររកឃើញអាចម៍ផ្កាយមួយដុំដែលមានលទ្ធភាពបង្កគ្រោះថ្នាក់ ធ្លាប់ហោះក្បែរផែនដីដោយមិនត្រូវបានគេមើលឃើញនាពេលកន្លង។
ទំព័រ Live Science នាថ្ងៃទី 02 សីហា បានចុះផ្សាយថា ក្រុមអ្នកវិទ្យាសាស្ត្រទើបតែបានរកឃើញអាចម៍ផ្កាយមួយដុំប៉ុនអគារខ្ពស់កប់ពពក លាក់ខ្លួននៅក្បែរផែនដី ដោយប្រើប្រាស់រូបមន្ត និងបច្ចេកទេសនៃការគណនាថ្មីដែលត្រូវបានអភិវឌ្ឍឡើងដើម្បីស្វែងរកអាចម៍ផ្កាយដែលអាចបង្កគ្រោះថ្នាក់ដល់ផែនដី។ អាចម៍ផ្កាយដែលមានប្រវែង 180 ម៉ែត្រ និងមានឈ្មោះថា 2022 SF289 នេះ មានទំហំធំ និងគោចរជិតផែនដី ល្មមអាចត្រូវបានចាត់ចូលក្នុងក្រុមអាចម៍ផ្កាយដែលអាចបង្កគ្រោះថ្នាក់ទ្រង់ទ្រាយធំដល់ផែនដី បើសិនជាប៉ះទង្គិច។
យោងតាមណាសា 2022 SF289 បានហោះកាត់មុខផែនដីកាលពីខែកញ្ញា 2022 ក្នុងគម្លាត 7.2 លានគីឡូម៉ែត្រ។ ក៏ប៉ុន្តែ កន្លងមក ក្រុមតារាវិទូអន្តរជាតិដែលប្រើប្រាស់បច្ចេកទេសចាស់ មិនបានរកឃើញអាចម៍ផ្កាយនេះ ដោយសារតែវាត្រូវបានបិទបាំងដោយពន្លឺពីកាឡាក់ស៊ីមីលគីវ៉េ។
បច្ចុប្បន្ន ក្រុមអ្នកស្រាវជ្រាវបានរកឃើញ 2022 SF289 នៅពេលធ្វើការសាកល្បងប្រើប្រាស់បច្ចេកទេសថ្មី ដែលមានឈ្មោះថា HelioLinc3D នៅក្នុងការពិនិត្យមើលទិន្នន័យចាស់៕