(សហរដ្ឋអាម៉េរិក) – យន្តហោះមួយគ្រឿងរបស់ Delta Airlines ដែលដឹកអ្នកដំណើរប្រហែល 190 នាក់ ផ្ទុះកង់នៅពេលកំពុងចុះចតបន្ទាន់នៅឯព្រលានយន្តហោះទីក្រុង Atlanta។
ស្ថាប័នគ្រប់គ្រងដែនអាកាសអាម៉េរិក (FAA) កាលពីថ្ងៃទី 02 សីហា បានឱ្យដឹងថា កង់មួយគ្រាប់នៅខាងឆ្វេងបានផ្ទុះ នៅពេលយន្តហោះចុះចតបន្ទាន់នៅវេលាម៉ោងប្រហែល 18 នៅលើព្រលានយន្តហោះអន្តរជាតិ Hartsfield-Jackson Atlanta ក្នុងរដ្ឋ Georgia។ អ្នកដំណើរលើយន្តហោះនេះ ត្រូវលោតចេញពីយន្តហោះតាមពោងរអិលបន្ទាន់។
អ្នកដំណើរម្នាក់រៀបរាប់ប្រាប់ថា កង់មួយគ្រាប់បានផ្ទុះ ហើយមួយគ្រាប់ទៀតក៏បែកបាក់ បណ្ដាលឱ្យយន្តហោះរអិលនៅលើផ្លូវរត់។
ក្រុមហ៊ុនអាកាសចរណ៍ Delta Airlines ប្រកាសថា បន្ទាប់ពីត្រូវបាននាំចេញពីយន្តហោះ អ្នកដំណើរក៏ឡើងរថយន្ត និងត្រូវបាននាំទៅកាន់អាកាសយានដ្ឋាន។
យោងតាម ABC News នៅលើយន្តហោះនេះមានអ្នកដំណើរប្រហែល 190 នាក់ ក្នុងនោះមានម្នាក់រងរបួសក្នុងហេតុការណ៍ខាងលើ។ FAA បានបើកការស៊ើបអង្កេត ហើយបញ្ជាក់ថា សកម្មភាពគ្រប់គ្រងចរាចរណ៍ដែនអាកាសមិនរងផលប៉ះពាល់នោះទេ៕