មេដឹកនាំ​រដ្ឋប្រហារ​យោធា​នៅ​នី​ហ្សេ​ប្រកាសថា មិន​រាថយ

ឧត្ដមសេនីយ៍ Abdourahmane Tiani (ស្ដាំ)

មេដឹកនាំ​ក្រុម​រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​នី​ហ្សេ ប្រកាស​ប្រឆាំងនឹង​ការដាក់ទណ្ឌកម្ម​ពី​អន្តរជាតិ និង​បានបញ្ជាក់​ថា មិន​ចុះចាញ់​នៅ​ចំពោះមុខ​ការគំរាមកំហែង​ទាំង​ឡាយ។

ឧត្ដមសេនីយ៍ Abdourahamane Tiani មេដឹកនាំ​អាជ្ញាធរ​យោ​ធានី​ហ្សេ កាលពី​ថ្ងៃទី 02 សីហា បាន​ហៅ​ការដាក់ទណ្ឌកម្ម​លើ​ប្រទេស​នេះ​ថា​ជា «ការមិន​អើពើ​ដល់​រឿង​មនុស្សធម៌ និង​មិនមាន​ភាពស្មើគ្នា» និង​​ត្រូវបាន​បង្កើតឡើង​ដើម្បី​បង្អាប់​តម្លៃ​របស់​កងក​ម្លាំ​ង​ការពារជាតិ និង​ប្រទេស​នី​ហ្សេ។

«យើង​ច្រានចោល​រាល់​ទណ្ឌកម្ម និង​បដិសេធ​ការចុះ​ចាញ់​នៅ​ចំពោះមុខ​ការគំរាមកំហែង បើ​ទោះ​វា​ឡើងដល់​កម្រិត​ណាក៏ដោយ» លោក Tiani ថ្លែង​ដូច្នេះ និង​ប្រកាសមិន​ទទួលស្គាល់​សកម្មភាព​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​នី​ហ្សេ។

ការលើកឡើង​របស់លោក Tiani ធ្វើឡើង​បន្ទាប់ពី សហគមន៍​សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ខាងលិច (ECOWAS) ដែលមាន​សមាជិក 13 ប្រទេស កាលពី​ចុង​សប្ដាហ៍​កន្លង បាន​ឯកភាពគ្នា​ក្នុងការ​ដាក់ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​លើ​ប្រទេស​នី​ហ្សេ ទន្ទឹមនឹង​ការកំណត់​ឱសានវាទ​មួយ​សប្ដាហ៍​ដើម្បីឱ្យ​អាជ្ញាធរ​យោធា​ប្រគល់​អំណាច​ត្រលប់​ទៅឱ្យ​រដ្ឋាភិបាល​ស៊ីវិល។ ក្រុម​ប្រទេស​នៅ​អាហ្វ្រិក​ខាងលិច​ក៏បាន​បញ្ជាក់ថា អន្តរាគមន៍​យោធា​គឺជា​មធ្យោបាយ​ចុងក្រោយ។

ចំណែក​ប្រទេស​ម៉ាលី និង​បួ​គី​ណា​ហ្វា​សូ (សមាជិក​ដែល​ត្រូវ​ ECOWAS ព្យួរ​អាសនៈ ព្រោះ​តែ​រដ្ឋប្រហារ) ដែល​កំពុង​គ្រប់គ្រង​ដោយ​ក្រុម​មេដឹកនាំ​រដ្ឋប្រហារ​ដែរ​នោះ បាន​អះអាងថា ពួកគេ​នឹង​ប្រកាសសង្គ្រាម បើសិន​អាជ្ញាធរ​យោ​ធានី​ហ្សេ​ត្រូវ​បរទេស​ធ្វើ​អន្តរាគមន៍​យោធា។

កាលពី​ថ្ងៃទី 26 កក្កដា 2023 រដ្ឋាភិបាល​ស៊ីវិល​របស់លោក Mohamed Bazoum ត្រូវបាន​កងទ័ព​នី​ហ្សេ​ធ្វើ​រដ្ឋប្រហារ​ផ្ដួលរំលំ ដោយ​ចោទថា អាជ្ញាធរ​ស៊ីវិល​គ្រប់គ្រង​បែប​ធូររលុង និង​បានធ្វើឱ្យ​ស្ថានការណ៍​សន្តិសុខ​កាន់តែ​អាក្រក់ឡើង៕

Advertisement