មេដឹកនាំក្រុមរដ្ឋប្រហារយោធានៅប្រទេសនីហ្សេ ប្រកាសប្រឆាំងនឹងការដាក់ទណ្ឌកម្មពីអន្តរជាតិ និងបានបញ្ជាក់ថា មិនចុះចាញ់នៅចំពោះមុខការគំរាមកំហែងទាំងឡាយ។
ឧត្ដមសេនីយ៍ Abdourahamane Tiani មេដឹកនាំអាជ្ញាធរយោធានីហ្សេ កាលពីថ្ងៃទី 02 សីហា បានហៅការដាក់ទណ្ឌកម្មលើប្រទេសនេះថាជា «ការមិនអើពើដល់រឿងមនុស្សធម៌ និងមិនមានភាពស្មើគ្នា» និងត្រូវបានបង្កើតឡើងដើម្បីបង្អាប់តម្លៃរបស់កងកម្លាំងការពារជាតិ និងប្រទេសនីហ្សេ។
«យើងច្រានចោលរាល់ទណ្ឌកម្ម និងបដិសេធការចុះចាញ់នៅចំពោះមុខការគំរាមកំហែង បើទោះវាឡើងដល់កម្រិតណាក៏ដោយ» លោក Tiani ថ្លែងដូច្នេះ និងប្រកាសមិនទទួលស្គាល់សកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់នីហ្សេ។
ការលើកឡើងរបស់លោក Tiani ធ្វើឡើងបន្ទាប់ពី សហគមន៍សេដ្ឋកិច្ចនៃបណ្ដាប្រទេសនៅអាហ្វ្រិកខាងលិច (ECOWAS) ដែលមានសមាជិក 13 ប្រទេស កាលពីចុងសប្ដាហ៍កន្លង បានឯកភាពគ្នាក្នុងការដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្ម និងហិរញ្ញវត្ថុលើប្រទេសនីហ្សេ ទន្ទឹមនឹងការកំណត់ឱសានវាទមួយសប្ដាហ៍ដើម្បីឱ្យអាជ្ញាធរយោធាប្រគល់អំណាចត្រលប់ទៅឱ្យរដ្ឋាភិបាលស៊ីវិល។ ក្រុមប្រទេសនៅអាហ្វ្រិកខាងលិចក៏បានបញ្ជាក់ថា អន្តរាគមន៍យោធាគឺជាមធ្យោបាយចុងក្រោយ។
ចំណែកប្រទេសម៉ាលី និងបួគីណាហ្វាសូ (សមាជិកដែលត្រូវ ECOWAS ព្យួរអាសនៈ ព្រោះតែរដ្ឋប្រហារ) ដែលកំពុងគ្រប់គ្រងដោយក្រុមមេដឹកនាំរដ្ឋប្រហារដែរនោះ បានអះអាងថា ពួកគេនឹងប្រកាសសង្គ្រាម បើសិនអាជ្ញាធរយោធានីហ្សេត្រូវបរទេសធ្វើអន្តរាគមន៍យោធា។
កាលពីថ្ងៃទី 26 កក្កដា 2023 រដ្ឋាភិបាលស៊ីវិលរបស់លោក Mohamed Bazoum ត្រូវបានកងទ័ពនីហ្សេធ្វើរដ្ឋប្រហារផ្ដួលរំលំ ដោយចោទថា អាជ្ញាធរស៊ីវិលគ្រប់គ្រងបែបធូររលុង និងបានធ្វើឱ្យស្ថានការណ៍សន្តិសុខកាន់តែអាក្រក់ឡើង៕