ESA បង្ហាញ «សារ​អាថ៌កំបាំង» ពី​ទីតាំង​ឆ្ងាយ​ពី​ផែនដី​ជិត 1,500 ឆ្នាំ​ពន្លឺ

សញ្ញា​សួរ​ពណ៌​ក្រហម​ដ៏​ចម្លែក ត្រូវបាន​អវកាស «ផ្ដល់​ជាស​ញ្ញា» មកកាន់​មនុស្ស​នៅលើ​ផែនដី តាមរយៈ​រូបភាព​ដ៏​អាថ៌កំបាំង​ដែល​តេ​ឡេ​ស្កុប​អវកាស James Webb ទើបតែ​ផ្ដិត​យកបាន។

នោះ​គឺជា​វត្ថុ​អវកាស​ដ៏​ធំ​មួយ​ដែលមាន​រូបរាង​ដូច​ទៅនឹង​សញ្ញា​សួរ ស្ថិតនៅ​ខាងក្រោម​ផ្កាយ​ក្មេង​ពីរ​ដួង​នៅក្នុង​កញ្ចុំ​ផ្កាយ Vela (Vela Supercluster)។ នេះ​បើតាម​សេចក្ដីប្រកាស​ថ្មី​របស់​ក្រុម​អ្នកធ្វើការ​ជាមួយ​តេ​ឡេ​ស្កុប​អាម៉េរិក James Webb មកពី​ទីភ្នាក់ងារ​អវកាស​អឺរ៉ុប (ESA)។

ដំបូង​ឡើយ ក្រុមរបស់ ESA នៅ James Webb សង្កេតមើល​ចំណុច​លម្អិត​របស់​ផ្កាយ​ក្មេង​មួយគូ​ដែលមាន​ឈ្មោះថា Herbig-Haro 46/47 ដែល​កំពុង​ត្រូវ​ឡោមព័ទ្ធ​ដោយ​ថាស​វត្ថុ​ធាតុ​ដែល​ចិញ្ចឹម​ពួកវា​ឱ្យ​ធំធាត់​ក្នុង​រយៈពេល​រាប់លាន​ឆ្នាំ។

នៅ​ខាងក្រោម​ផ្កាយ​ពីរ​ដួង​ខាងលើ ពួកគេ​បាន​ប្រទះឃើញ​អ្វីមួយ​ដ៏​អាថ៌កំបាំង និង​គួរឱ្យភ្ញាក់ផ្អើល៖ សញ្ញា​សួរ​មួយ​បង្ហាញខ្លួន​ដូច​ទៅនឹង​មនុស្ស​លើ​ភព​ដទៃ​កំពុង​បញ្ជូន​សញ្ញា​ដល់​មនុស្ស​នៅ​លើ​ផែនដី។

បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រ​មិនទាន់​ដឹង​ច្បាស់​ថា សញ្ញា​សួរ​ដ៏​ធំ​មហិមា​នេះ​គឺជា​អ្វី​នៅឡើយ ប៉ុន្តែ​ពណ៌ និង​រូបរាង​របស់​វា បាន​នាំឱ្យ​តារាវិទូ​នានា​មាន​យោបល់​មួយចំនួន។

នៅលើ​ទំព័រ Space តំណាង​របស់​តេ​ឡេ​ស្កុប James Webb យល់ថា វា​អាចជា​កាឡាក់ស៊ី​ដែល​នៅ​សែនឆ្ងាយ ឬ​បណ្ដា​កាឡាក់ស៊ី​កំពុង​ប៉ះទង្គិច​គ្នា នាំឱ្យមាន​រូបរាង​ខុសធម្មតា។ ចំណែក​ពណ៌​ក្រហម​របស់​សញ្ញា​សួរ​នេះ កើតឡើង​ដោយសារ​វា​នៅ​ឆ្ងាយ និង​បន្ត​ផ្លាស់​ទី​ទៅ​ឆ្ងាយ ព្រោះ​ចក្រវាល​កំពុង​​រីក​មាឌ។

បើ​ទោះ​សញ្ញា​សួរ​នេះ​បង្ហាញខ្លួន​នៅក្បែរ​វត្ថុ​អវកាស​ដែលមាន​ចម្ងាយ 1,470 ឆ្នាំ​ពន្លឺ​ពី​ផែនដី ប៉ុន្តែ​គម្លាត​ពិត​របស់​សញ្ញា​សួរ​នេះ​ អាច​ឡើងដល់​រាប់ពាន់​លាន​ឆ្នាំ។

ចំណែក​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យរ​ដ្ឋ Illinois វិញ យល់ថា សញ្ញា​សួរ​នេះ​គឺជា​កាឡាក់ស៊ី​ពីរ​កំពុង​ច្របាច់​បញ្ចូល​គ្នា ក្នុងនោះ​ចំណុច​ដូច​ផ្លែ​សន្ទូច​នៅ​ខាងលើ​គឺ​កើតឡើង​ដោយសារ​កាឡាក់ស៊ី​ធំ​មួយ​ត្រូវ​បាន​កាច់​ឱ្យ​កោង​៕

Advertisement