ក្រុមវិស្វកររបស់ណាសា បានទទួលរលកសញ្ញាពី Voyager 2 ដែលនេះនាំមកនូវក្ដីសង្ឃឹមនៅក្នុងការតភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយនឹងយានអវកាសនេះបានឆាប់ជាងច្រើនខែ ធៀបនឹងការគ្រោងទុក។
ជាងមួយសប្ដាហ៍បន្ទាប់ពីបានដាច់ទំនាក់ទំនងជាមួយនឹងយានអវកាសអន្តរតារា Voyager 2 ក្រុមអ្នកជំនាញរបស់ទីភ្នាក់ងារអវកាសអាម៉េរិក (NASA) ក៏ទទួលបានរលកសញ្ញាដែលអាចឱ្យពួកគេភ្ជាប់ទំនាក់ទំនងឡើងវិញ។ ការទទួលបានរលកសញ្ញានេះកើតឡើងកាលពីថ្ងៃទី 01 សីហា នៅពេល Voyager 2 កំពុងផ្លាស់ទីឆ្លងកាត់លំហអវកាសក្នុងតំបន់អន្តរតារា និងមានចម្ងាយពីផែនដីចំនួន 19.9 ពាន់លានគីឡូម៉ែត្រ។
អ្នកជំនាញរបស់ណាសា និយាយថា «សញ្ញា «ចង្វាក់បេះដូង» នេះ បង្ហើបឱ្យដឹងថា យាន Voyager 2 នៅតែធ្វើសកម្មភាព»។
ក្រោយពីរលកសញ្ញាត្រូវបានបញ្ជាក់ ណាសានឹងសាកល្បងបញ្ជូនកូដបញ្ជាយានទៅកាន់ Voyager 2 ដើម្បីឱ្យវាបង្វែរទិសរបស់អង់តែនតម្រង់មកកាន់ផែនដី។ តាមធម្មតា កូដបញ្ជាយាននេះត្រូវការពេលប្រហែល 18.5 ម៉ោង ទើបទៅដល់យាន Voyager 2 ហើយថែមប្រហែល 18.5 ម៉ោងទៀត ដើម្បីឱ្យមនុស្សអាចទទួលបានទិន្នន័យពីយាននេះ។
បើសិនការសាកល្បងខាងលើមិនបានជោគជ័យ យាន Voyager 2 នឹងតម្រង់ទិសអង់តែនរបស់វាឡើងវិញដោយខ្លួនឯងនៅថ្ងៃទី 15 តុលា 2023 ទៅតាមការកំណត់នៅក្នុងកម្មវិធីដែលបំពាក់លើយាន។
ណាសាឱ្យដឹងថា ពួកគេបានដាច់ទំនាក់ទំនងជាមួយនឹងយាន Voyager 2 តាំងពីថ្ងៃទី 21 កក្កដា 2023 បន្ទាប់ពីកូដបញ្ជាយានមួយចំនួនបានធ្វើឱ្យអង់តែនរបស់យានអវកាសនេះ ត្រូវបែរល្អៀងពីមុខព្រួញមកកាន់ផែនដីប្រហែល 2 ឌឺក្រេ។ កំហុសនេះធ្វើឱ្យណាសាមិនអាចទទួលទិន្នន័យដែលបញ្ជូនមកពី Voyager 2។ យានអវកាសនេះ បច្ចុប្បន្នកំពុងគោចរតែលតោលនៅក្នុងលំហអវកាសងងឹត ក្រោយពីបានហោះផុតពីតំបន់ព្រំដែនខាងក្រៅរបស់ប្រព័ន្ធព្រះអាទិត្យកាលពីខែវិច្ឆិកាឆ្នាំ 2018។
យានអវកាស Voyager 1 និង Voyager 2 ត្រូវបានបាញ់បង្ហោះកាលពីខីសីហា និងកញ្ញា ឆ្នាំ 1977 ក្នុងនោះ Voyager 2 ត្រូវបានបាញ់បង្ហោះមុន។ យានទាំងពីរនេះសុទ្ធតែបានហោះកាត់ពីមុខបណ្ដាភពដែលនៅជាយប្រព័ន្ធព្រះអាទិត្យ មុនពេលឆ្លងកាត់ព្រំដែនឆ្ងាយបំផុតរបស់តំបន់ហេលីអូស្ពែរ (Heliosphere) ជាស្រទាប់ក្រៅបង្អស់នៃបរិយាកាសព្រះអាទិត្យដែលបែងចែកប្រព័ន្ធព្រះអាទិត្យពីតំបន់អន្តរតារា។
យាន Voyager 1 បានទៅដល់តំបន់អន្តរតារាមុន ដោយបានឆ្លងកាត់ហេលីអូស្ពែរកាលពីខែសីហា 2012។ បច្ចុប្បន្ន យាននេះកំពុងស្ថិតឆ្ងាយពីផែនដី 23.8 ពាន់លានគីឡូម៉ែត្រ។ Voyager 1 និង Voyager 2 នៅសល់ថាមពលដែលអាចឱ្យប្រើប្រាស់បានរហូតដល់យ៉ាងតិចត្រឹមឆ្នាំ 2025។
Voyager 1 និង Voyager 2 នឹងនៅតែអាចបន្តបំពេញបេសកកម្មផ្ញើសារទៅកាន់ភាវៈរស់នៅក្នុងប្រព័ន្ធផ្កាយនានា បន្ទាប់ពីពួកវាអស់ថាមពល ដោយសារតែមានបំពាក់ថាសដែលផ្ទុកសារពីមនុស្សលោក ក្នុងនោះមានទាំងសំឡេងនានា និងផែនទីផ្កាយរបស់ផែនដីជាដើម៕