អ្នកស្រាវជ្រាវអាម៉េរិកមួយរូបស្នើឱ្យមានការប្រើប្រាស់ផ្ទាំងឆត្រខ្នាតយក្សដែលភ្ជាប់ជាមួយនឹងអាចម៍ផ្កាយដើម្បីកាត់បន្ថយកម្ដៅពីព្រះអាទិត្យជះមកលើផែនដី ដែលអាចជួយទប់ទល់នឹងបញ្ហាឡើងកម្ដៅនៅទូទាំងសកលលោក។
ផែនដីកំពុងតែឡើងកម្ដៅយ៉ាងឆាប់រហ័ស ហើយអ្នកវិទ្យាសាស្ត្រក៏កំពុងតែអភិវឌ្ឍដំណោះស្រាយដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។ Istvan Szapudi ដែលជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថានតារាសាស្ត្រនៃសាកលវិទ្យាល័យ Hawaii បានលើកឡើងនូវដំណោះស្រាយថ្មីសម្រាប់បញ្ហាខាងលើ នោះគឺផ្ទាំងឆត្រខ្នាតយក្សបាំងពន្លឺព្រះអាទិត្យ ដែលភ្ជាប់ទៅនឹងអាចម៍ផ្កាយ។
បច្ចុប្បន្ន ការស្រាវជ្រាវរកបច្ចេកទេសសម្រាប់ប្រើប្រាស់ដំណោះស្រាយរបស់ Istvan Szapudi អាចចាប់ផ្ដើមបាន និងអាចមានប្រសិទ្ធភាពក្នុងរង្វង់តែប៉ុន្មានទសវត្សរ៍ខាងមុខ។ Szapudi បានបរិយាយអំពីដំណោះស្រាយរបស់ខ្លួននៅលើទស្សនាវដ្ដី Proceedings of the National Academy of Sciences, Phys.org កាលពីថ្ងៃទី 31 កក្កដា 2023។
គំនិតស្ដីពីឆត្របាំងព្រះអាទិត្យ កន្លងមកក៏ធ្លាប់ត្រូវបានលើកឡើង ប៉ុន្តែគេត្រូវការផ្ទាំងឆត្រដ៏ធ្ងន់ និងធំមហិមាដើម្បីអាចទប់ទល់នឹងកម្លាំងទំនាញ ក៏ដូចជាទប់ទល់នឹងកម្លាំងខ្យល់បក់បំប៉ើងពីព្រះអាទិត្យ។
ដំណោះស្រាយរបស់ Szapudi គឺ ការប្រើប្រាស់វត្ថុមានទម្ងន់ផ្ទុយដែលត្រូវចងភ្ជាប់ទៅនឹងផ្ទាំងឆត្រ ជួយឱ្យទម្ងន់របស់ផ្ទាំងឆត្រ និងវត្ថុផ្ទុយ ថយចុះប្រហែល 3.5 លានតោន ទាបជាងមួយរយដងបើធៀបនឹងការគណនាអំពីផ្ទាំងចត្រមិនមានវត្ថុសម្រាប់តោង។ គំនិតរបស់ Szapudi គឺការប្រើប្រាស់អាចម៍ផ្កាយដែលមនុស្ស «ចាប់បាន» ធ្វើជាវត្ថុមានទម្ងន់ផ្ទុយ ចៀសវាងការដែលត្រូវបាញ់បង្ហោះច្រើនលើកពីផែនដី។
រចនាសម្ព័ន្ធដូចខាងលើនឹងអាចត្រូវបានធ្វើឡើងយ៉ាងរហ័ស និងមានតម្លៃទាបជាង បើធៀបនឹងការផលិត និងដំឡើងផ្ទាំងឆត្រដទៃ។
Szapudi ចាប់ផ្ដើមជាមួយនឹងគោលដៅកាត់បន្ថយវិទ្យុសកម្មព្រះអាទិត្យឱ្យបាន 1.7%។ នេះគឺជាអត្រាចាំបាច់ដើម្បីទប់ស្កាត់ការឡើងកម្ដៅផែនដីខ្ពស់ដល់ថ្នាក់បង្កើតបានជាគ្រោះមហន្តរាយ៕