កាលពីថ្ងៃអាទិត្យ (30 កក្កដា) ភ្ញៀវដែលចូលរួមកម្មវិធី Antiques Roadshow (កម្មវិធីវាយតម្លៃវត្ថុបុរាណរបស់ BBC 1 នៅប្រទេសអង់គ្លេស) បានមានឱកាសទស្សនាវត្ថុនានាដែលភ្ញៀវទាំងឡាយបាននាំយកមកទីនេះ។
យោងតាម Daily Mail ព្រឹត្តិការណ៍វាយតម្លៃវត្ថុបុរាណត្រូវបានធ្វើឡើងនៅឯវិមាន Ham House ក្នុងតំបន់ Richmond ក្បែរទន្លេ Thames នៃទីក្រុងឡុងដ៍ ដែលសាងសង់តាំងពីសតវត្សរ៍ទី 17 ដោយមានការចូលរួមរបស់អ្នកជំនាញខាងវត្ថុបុរាណ Lee Young។
គូស្វាមីភរិយាវ័យចំណាស់មួយគូ បាននាំយកអាវសម្រាប់រាជវង្សានុវង្សនៅប្រទេសចិនតាំងពីបុរាណ មកឱ្យអ្នកជំនាញ Lee Young ធ្វើការពិនិត្យ និងវាយតម្លៃ។
យោងតាមបុរសជាស្វាមី ភូសា (អាវ) នេះគឺជាវត្ថុដែលត្រូវបានជីតារបស់ភរិយាគាត់ (ជាអ្នកដែលធ្លាប់កាន់តំណែងនាយកប្រតិបត្តិរបស់ធនាគារ Standard នៅប្រទេសឥណ្ឌា) នាំយកមកកាន់ប្រទេសអង់គ្លេស កាលពីដើមទសវត្សរ៍ឆ្នាំ 1930 នៃសហស្សវត្សរ៍មុន។
អ្នកស្រី Sara ភរិយារបស់បុរសខាងលើ ឱ្យដឹងថា អ្នកស្រីបានរក្សាទុកអាវក្រៅនេះនៅក្នុងប្រអប់ដាក់សម្លៀកបំពាក់ ហើយកាលពីនៅក្មេង គាត់តែងតែយកវាមកពាក់លេង។
«អាវនេះត្រូវបានផលិតឡើងក្នុងអំឡុងទសវត្សរ៍ឆ្នាំ 1750 ដែលពិតជាភូសាសម្រាប់រាជវង្សានុវង្ស។ វាជាអាវក្រៅសម្រាប់ស្ត្រី ហើយអាវធំដែលត្រូវបានផលិតឡើងកាលពីអំឡុងទសវត្សរ៍ឆ្នាំ 1750 គឺជាវត្ថុដ៏កម្រ។ អាវបែបនេះមាននៅសល់តែប៉ុន្មានឈុតប៉ុណ្ណោះ។ បើតាមខ្ញុំដឹង ដើម្បីបានមើលភូសាប៉ុន្មានឈុតនោះ អ្នកត្រូវធ្វើដំណើរទៅកាន់រដ្ឋធានីប៉េកាំង និងសារមន្ទីរវាំងចាស់។ វាពិតជាវត្ថុដែលមានតែនៅក្នុងសារមន្ទីរ» អ្នកជំនាញ Lee បន្ថែមដូច្នេះ។
យោងតាមលោក Lee ពណ៌លឿងរបស់ភូសានេះគឺជាពណ៌សម្រាប់តែមហេសីស្ដេច ឬស្នំដែលមានឋានៈខ្ពស់។ រូបភាពនាគមានក្រញ៉ាំជើងប្រាំនៅលើភូសា ក៏ជានិមិត្តរូបបង្ហាញថា វាជាវត្ថុសម្រាប់រាជវង្សានុវង្ស។
ប្រការដែលអ្នកជំនាញ Lee Young ត្រៀមនឹងប្រកាស ធ្វើឱ្យម្ចាស់អាវនេះមិនភ្ញាក់ផ្អើលមិនបាន។ «បើសិនយកទៅលក់ដេញថ្លៃក្នុងទីផ្សារនាបច្ចុប្បន្ន ភូសានេះនឹងអាចលក់បានក្នុងតម្លៃ 200,000 ផោន (ប្រហែល 256.000 ដុល្លារអាម៉េរិក)» លោក Lee បញ្ជាក់ដូច្នេះ។
ស្ដាប់ដល់ត្រឹមនេះ អ្នកស្រី Sara មានការភ្ញាក់ផ្អើលខ្លាំង និងនិយាយថា «ពិតជាភ្ញាក់ផ្អើលណាស់។ ព្រះអឺយ! សូមអរគុណលោកច្រើនណាស់។ ពួកយើងប្រាកដជាលែងដាក់វាទៅក្នុងប្រអប់សម្លៀកបំពាក់ទៀតហើយ»៕