បេសកកម្មមួយរបស់ណាសា ធ្វើការសង្កេតមើលប្រហោងខ្មៅ (Black Hole) ខ្នាតយក្សមួយដែលបាញ់ចង្កោមរលកថាមពលកម្រិតខ្ពស់សំដៅចំផែនដីពីចម្ងាយ 400 លានឆ្នាំពន្លឺ។
បណ្ដាប្រហោងខ្មៅធំៗដែលកំពុងធ្វើសកម្មភាព ហើយមានថាសវត្ថុធាតុវិលជុំវិញ គេហៅថា Accretion disk (ថាសបន្ថែមថាមពល) ដែលជាប្រភព «ចំណី» សម្រាប់ការពង្រីកមាឌរបស់ប្រហោងខ្មៅ។ វត្ថុធាតុខ្លះដែលប្រហោងខ្មៅមិនអាចលេបបានទាំងអស់ ក៏ត្រូវបានបញ្ជូនទៅកាន់ប៉ូលនានា ហើយក្រោយមកក៏បាញ់ចេញទៅក្រៅក្នុងល្បឿនជិតស្មើនឹងល្បឿនពន្លឺ។
ដំណើរការខាងលើនេះ បង្កើតបានជាវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិចដែលមានពន្លឺភ្លឺខ្លាំង និងមានថាមពលខ្ពស់។ នៅក្នុងករណីដែលណាសាទើបតែបានរកឃើញនាពេលថ្មីៗនេះ ចង្កោមពន្លឺកំពុងជះមកកាន់ផែនដីនៅក្នុងព្រឹត្តិការណ៍ដែលអ្នកវិទ្យាសាស្ត្រហៅថា blazar។ នេះបើតាម Live Science ចុះផ្សាយកាលពីថ្ងៃទី 30 កក្កដា 2023។
Blazar ដែលមានឈ្មោះថា Markarian 421 ស្ថិតនៅក្នុងកញ្ចុំផ្កាយ Ursa Major ត្រូវបានសង្កេតដោយបេសកកម្ម Imaging X-ray Polarimetry Explorer (IXPE) របស់ណាសា ដែលត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ 2021។
ចង្កោមពន្លឺ blazar ខាងលើ អូសបន្លាយយ៉ាងវែងនៅក្នុងទីអវកាសក្នុងរយៈចម្ងាយរាប់លានឆ្នាំពន្លឺ ប៉ុន្តែដើមហេតុដែលបង្កើតវាឡើង មិនទាន់ត្រូវបានដឹងច្បាស់នៅឡើយ។
អ្នកវិទ្យាសាស្ត្រក៏គ្រោងនឹងបន្តសង្កេតមើល Markarian 421 ក៏ដូចជាកំណត់អត្តសញ្ញាណរបស់ balzar ដទៃទៀតដែលមានចំណុចពិសេសដូចគ្នា Markarian 421 ដើម្បីស្វែងយល់អំពីយន្តការនៅពីក្រោយបាតុភូតនេះ៕