កាលពីថ្ងៃទី 30 កក្កដា បណ្ដាប្រទេសនៅអាហ្វ្រិកខាងលិច បានចាប់ផ្ដើមដាក់ទណ្ឌកម្ម និងគំរាមថានឹងប្រើប្រាស់កម្លាំងបាយ បើសិនក្រុមយោធាដែលធ្វើរដ្ឋប្រហារនៅប្រទេសនីហ្សេ មិនប្រគល់អំណាចត្រលប់មកប្រធានាធិបតី Mohammed Bazoum ក្នុងរង្វង់មួយសប្ដាហ៍ ស្របពេលដែលក្រុមអ្នកគាំទ្រអាជ្ញាធរយោធា វាយប្រហារលើស្ថានទូតបារាំងនៅរដ្ឋធានីនីញ៉ាម៉េ។
ក្រុម ECOWAS ដែលមាន 15 ប្រទេស បានធ្វើប្រតិកម្មទៅនឹងអំពើរដ្ឋប្រហារលើកទី 7 នៅតំបន់ Sahel នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីហ្វូងមនុស្សនៅនីញ៉ាម៉េរបស់ប្រទេសនីហ្សេ ដុតទង់ជាតិបារាំង និងគប់ដុំថ្មលើក្បួនរថយន្តអ្នកការទូតរបស់បារាំង នាំឱ្យប៉ូលិសប្រើប្រាស់ផ្សែងបង្ហូរទឹកភ្នែកដើម្បីទប់ទល់។
រូបភាពនានាបង្ហាញថា ជញ្ជាំងរបស់ស្ថានទូតបារាំងត្រូវគេដុត ហើយមនុស្សជាច្រើនត្រូវបានលើកដាក់លើរថយន្តសង្គ្រោះ នៅពេលពួកគេរងរបួស។
នៅក្នុងកិច្ចប្រជុំកំពូលបន្ទាន់មួយនៅប្រទេសនីហ្សេរីយ៉ា ដែលពិភាក្សាអំពីរដ្ឋប្រហារ ក្រុមមេដឹកនាំនៃសហគមន៍សេដ្ឋកិច្ចរបស់បណ្ដាប្រទេសនៅអាហ្វ្រិកខាងលិច បានអំពាវនាវសូមឱ្យស្ដារធម្មនុញ្ញភាព និងបានព្រមានថា នឹងមានវិធានការតបត បើសិនប្រការនេះមិនត្រូវបានអនុវត្ត។
ECOWAS និងសម្ព័ន្ធភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុអាហ្វ្រិកខាងលិច ដែលមានសមាជិកចំនួន 8 បានឱ្យដឹងថា ព្រំដែនរបស់នីហ្សេនឹងត្រូវបិទជាបន្ទាន់ ជើងហោះហើរពាណិជ្ជកម្មត្រូវបានហាមឃាត់ ការដោះដូរហិរញ្ញវត្ថុត្រូវបានផ្អាក ខណៈដែលទ្រព្យសម្បត្តិជាតិត្រូវបានបង្កក និងជំនួយនានាក៏ត្រូវបានកាត់ផ្ដាច់។
ចំណែកក្រុមមន្ត្រីយោធាដែលជាប់ទាក់ទិននឹងអំពើរដ្ឋប្រហារ នឹងត្រូវបានហាមឃាត់ការដើរហើរ ស្របពេលដែលទ្រព្យរបស់ពួកគេក៏ត្រូវបង្កក។
អំពើរដ្ឋប្រហារនៅនីហ្សេនេះ ត្រូវបានបណ្ដាប្រទេសក្បែរខាង និងដៃគូអន្តរជាតិ ដែលមានអាម៉េរិក អង្គការសហប្រជាជាតិ សហភាពអាហ្វ្រិក សហភាពអឺរ៉ុប និងបារាំងជាដើម ថ្កោលទោសយ៉ាងខ្លាំងក្លា។ ពួកគេសុទ្ធតែប្រកាសមិនទទួលស្គាល់ក្រុមមេដឹកនាំថ្មីនៅនីហ្សេ ដែលនាំមុខដោយមេរដ្ឋប្រហារ ឧត្ដមសេនីយ Abdourahamane Tiani។
ចំណែកមេបញ្ជាការកំពូលរបស់ក្រុមហ៊ុនយោធាឯកជនរុស្ស៊ី Wagner លោក Yevgeny Prigozhin បានលើកជាសំណើថា ការងារស្ដារស្ថិរភាពនៅនីហ្សេ ទុកឱ្យខ្មាន់កាំភ្លើងរបស់លោកជាអ្នកចាត់ចែង៕