(បារាំង) – អ្នកបើកបរបានបញ្ជាឱ្យយន្តហោះទេសចរណ៍ចុះចតលើសមុទ្រមេឌីទែរ៉ាណេ បន្ទាប់ពីម៉ាស៊ីនរបស់វាខូច អ្នកនៅលើយន្តហោះក៏បានរួចពីការស្លាប់។
យន្តហោះធុនតូច Cessna 177 ចុះចតលើសមុទ្រដែលមានចម្ងាយពីតំបន់លំហែកាយ Frejus ខេត្ត Var នៅភាគអាគ្នេយ៍ប្រទេសបារាំង ប្រហែល 600 ម៉ែត្រ កាលពីព្រឹកថ្ងៃទី 30 កក្កដា។ កម្លាំងសង្គ្រោះឱ្យដឹងថា ពីឡុតជ្រើសរើសទីតាំងចុះចតលើទឹក ដើម្បីចៀសវាងឆ្នេរដែលកំពុងមានទេសចរច្រើននៅលេងកម្សាន្ត។
«ដើម្បីធ្វើបានបែបនេះ អ្នកត្រូវការជំនាញ និងសំណាង» អ្នកនាំពាក្យរបស់កម្លាំងសង្គ្រោះក្នុងតំបន់ និយាយដូច្នេះ។
បុរសអ្នកបើកបរ និងភ្ញៀវពីរនាក់ ក្នុងនោះមានម្នាក់ជាស្ត្រី ត្រូវបានជួយសង្គ្រោះពីយន្តហោះ។ ពួកគេមិនមានរបួស ប៉ុន្តែបានប៉ះពាល់អារម្មណ៍។
ចំណែកយន្តហោះវិញ បានលិចចូលសមុទ្រ បន្ទាប់ពីជនរងគ្រោះទាំងអស់ត្រូវបានយកចេញ បើទោះក្រុមសង្គ្រោះប្រឹងប្រែងជួយបណ្ដែត៕