អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី Dmitry Medvedev ព្រមានថា មូស្គូ «មិនមានជម្រើសផ្សេង» ក្រៅតែពីអាវុធនុយក្លេអែរ បើសិនការវាយបករបស់អ៊ុយក្រែន ទទួលបានជោគជ័យ។
«កងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី បានរុញច្រានការវាយបករបស់សត្រូវ ការពារពលរដ្ឋ និងទឹកដីរុស្ស៊ី។ … បើសិន…យុទ្ធនាការវាយបករបស់អ៊ុយក្រែន ដែលគាំទ្រដោយណាតូ ទទួលបានជោគជ័យ និងគ្រប់គ្រងទឹកដីមួយផ្នែករបស់រុស្ស៊ី ពេលនោះយើងខ្ញុំនឹងត្រូវបង្ខំចិត្តប្រើប្រាស់អាវុធនុយក្លេអែរ ទៅតាមគោលការណ៍នានានៃបទបញ្ជារបស់ប្រធានាធិបតីរុស្ស៊ី» អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី Dmitry Medvedev បានឱ្យដឹងនៅលើទំព័រ Telegram ដូច្នេះ កាលពីថ្ងៃទី 30 កក្កដា 2023។
លោក Medvedev ក៏បានសង្កត់ធ្ងន់ដែរថា «ជាធម្មតាទេ នោះក៏ព្រោះតែមិនមានជម្រើសផ្សេង»។
លោក Medvedev ត្រូវបានគេយល់ថា កំពុងនិយាយដល់គោលការណ៍មួយផ្នែកស្ដីពីនុយក្លេអែររបស់រុស្ស៊ី ដែលក្នុងនោះមានការចែងថា អាវុធនុយក្លេអែរអាចត្រូវបានប្រើប្រាស់ដើម្បីឆ្លើយតបនឹងសកម្មភាពបង្កហេតុដែលប្រឆាំងនឹងរុស្ស៊ី។
អ៊ុយក្រែនកំពុងតែប្រឹងប្រែងរំដោះទឹកដីដែលរុស្ស៊ីបានវាយយកទៅកាន់កាប់នាពេលកន្លង តាមរយៈការវាយបកដែលបានចាប់ផ្ដើមពីខែមិថុនា 2023។ អ៊ុយក្រែនឱ្យដឹងថា កងទ័ពប្រទេសនេះកំពុងតែសម្រេចបានជោគជ័យមួយចំនួននៅក្នុងយុទ្ធនាការវាយបក បើទោះមានភាពយឺតយ៉ាវ។
សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែបន្តកើតមាន ហើយក៏មិនទាន់មើលឃើញសញ្ញានៃទីបញ្ចប់ ដោយសារតែភាគីទាំងពីរនៅតែវាយរុញច្រានគ្នាជាបន្តបន្ទាប់៕