កងទ័ពនៃប្រទេសនីហ្សេបានប្រកាសថា ធ្វើរដ្ឋប្រហារផ្ដួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតី Bazoum និងដាក់បម្រាមគោចរនៅទូទាំងប្រទេស រហូតដល់ពេលមានសេចក្ដីប្រកាសថ្មី។
«យើងជាកងកម្លាំងការពារជាតិ និងសន្តិសុខ បានសម្រេចចិត្តបញ្ចប់របបរបស់ប្រធានាធិបតី Mohamed Bazoum» វរសេនីយ៍ឯក Amadou Abdramane អ្នកនាំពាក្យរបស់កងទ័ពប្រទេសនីហ្សេ ប្រកាសនៅលើកញ្ចក់ទូរទស្សន៍ជាតិកាលពីថ្ងៃទី 26 កក្កដា ឆ្នាំ 2023 ដូច្នេះ។ លោក Amadou Abdramane បានចោទថា អាជ្ញាធរស៊ីវិលគ្រប់គ្រងបែបធូររលុង និងបានធ្វើឱ្យស្ថានការណ៍សន្តិសុខកាន់តែអាក្រក់ឡើងៗ។
កងកទ័ពនេហ្សេប្រកាសថា នឹងបិទច្រកព្រំដែន និងដាក់បម្រាមគោចរនៅទូទាំងប្រទេស រហូតដល់ពេលមានប្រកាសថ្មី។ កងកម្លាំងនេះក៏បានព្រមានថា នឹងធ្វើការប្រឆាំង បើសិនមានការអន្តរាគមន៍ពីបរទេស។
មុននោះ ប្រភពព័ត៌មានដែលជិតស្និទ្ធបានបង្ហើបឱ្យដឹងថា ប្រធានាធិបតីនីហ្សេ លោក Bazoum ត្រូវបានកងកម្លាំងអង្គរក្សឃុំខ្លួននៅក្នុងភូមិគ្រឹះ។ ការិយាល័យប្រធានាធិបតីនីហ្សេ ប្រកាសថា កងទ័ពបានត្រៀមខ្លួនរួចរាល់ក្នុងការវាយប្រហារលើកងកម្លាំងអង្គរក្ស បើសិនពួកគេមិនដោះលែងលោក Bazoum។
ទីប្រឹក្សាសន្តិសុខជាតិនៅសេតវិមាន លោក Jake Sullivan បានថ្កោលទោសចំពោះរាល់កិច្ចប្រឹងប្រែងក្នុងការចាប់ខ្លួនប្រធានាធិបតីនីហ្សេ ឬបំផ្លាញរដ្ឋាភិបាលស៊ីវិល។ សហរដ្ឋអាម៉េរិកក៏បានអំពាវនាវឱ្យកងទ័ពនីហ្សេ ប្រញាប់ដោះលែងប្រធានាធិបតី Bazoum។
មន្ត្រីអង់គ្លេសដែលទទួលបន្ទុកអភិវឌ្ឍអន្តរជាតិ និងអាហ្វ្រិក រួមនឹងធនាគារពិភពលោក (WB) ក៏បានថ្កោលទោសចំពោះរដ្ឋប្រហារខាងលើផងដែរ។
រដ្ឋប្រហារដែលកើតឡើងនៅមុនរដ្ឋប្រហារចុងក្រោយនេះ ត្រូវបានធ្វើឡើងកាលពីខែកុម្ភៈឆ្នាំ 2010 និងបានបណ្ដាលឱ្យរដ្ឋាភិបាលរបស់ប្រធានាធិបតី Mamadou Tandja ត្រូវដួលរលំ។ ប្រធានាធិបតី Bazoum អាយុ 64 ឆ្នាំ ដែលត្រូវបានបោះឆ្នោតជ្រើសរើសកាលពីឆ្នាំ 2021 គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រទេសបារាំង។
បច្ចុប្បន្ននេះ ប្រទេសនីហ្សេកំពុងតែប្រយុទ្ធប្រឆាំងនឹងយុទ្ធនាការចំនួនពីររបស់ក្រុមឧទ្ទាមអ៊ីស្លាមនៅភាគនិរតី និងអាគ្នេយ៍ ដែលជាប់ទាក់ទងនឹងបណ្ដាក្រុមជ្រុលនិយមនៅម៉ាលី និងនីហ្សេរីយ៉ា ដែលជាប្រទេសជិតខាង៕