អ៊ុយក្រែននឹងទទួលបានយន្តហោះគ្មានមនុស្សបើកបរ (UAV) Black Hornet ខ្នាតតូចមួយឈុត នៅក្នុងកញ្ចប់ជំនួយថ្មីដែលមានតម្លៃ 400 លានដុល្លារអាម៉េរិក។
មន្ទីរបញ្ចកោណបានប្រកាសឱ្យដឹងអំពីកញ្ចប់ជំនួយតម្លៃ 400 លានដុល្លារសម្រាប់អ៊ុយក្រែន ក្នុងនោះមានទាំងគ្រាប់កាំភ្លើងច្រើនប្រភេទសម្រាប់ប្រព័ន្ធការពារដែនអាកាស និងបណ្ដាញយន្តហោះ UAV ខ្នាតមហាតូចដែលមានឈ្មោះថា Black Hornet។
Black Hornet គឺជា UAV ដែលមានទំហំតូចខ្លាំង និងត្រូវបានប្រើប្រាស់ដើម្បីប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់។ មុននោះ អង់គ្លេស និងន័រវែសក៏ធ្លាប់បានផ្ដល់ជំនួយជាយន្តហោះ Black Hornet នេះដល់អ៊ុយក្រែន។
Black Hornet មានបណ្ដោយប្រហែល 10 សង់ទីម៉ែត្រ អាចហោះបានក្នុងរង្វង់ 2 គីឡូម៉ែត្រ និងមានល្បឿន 4.7 ម៉ែត្រ/វិនាទី អាចដំណើរការជាបន្តបន្ទាប់បាន 25 នាទី។
Black Hornet ត្រូវបានបំពាក់កាមេរ៉ាខ្នាតតូចមួយចំនួន និងអាចហោះទៅក្បែរគោលដៅដោយមិនងាយនឹងត្រូវបានមើលឃើញ។ ទន្ទឹមនឹងនេះ វាក៏អាចថតរូប ថតវីដេអូនៅពេលយប់ និងបញ្ជូនវីដេអូទៅកាន់មូលដ្ឋាននៅក្នុងរយៈចម្ងាយប្រហែល 2 គីឡូម៉ែត្រផងដែរ។
កំណែថ្មីរបស់ Black Hornet មិនតម្រូវឱ្យយកឧបករណ៍អមមួយចំនួនទៅជាមួយ ដើម្បីលុបបំបាត់ហានិភ័យព័ត៌មានត្រូវធ្លាក់ទៅលើដៃសត្រូវ។
Black Hornet មានប្រយោជន៍ច្រើននៅក្នុងការតាមដានគោលដៅ និងឈ្លបយកការណ៍។ ប៉ុន្តែ UAV នេះក៏ពិបាកប្រើប្រាស់នៅពេលមានអាកាសធាតុអាក្រក់ មានដូចជា ខ្យល់ព្យុះ និងភ្លៀងធំជាងដើម។ ទោះជាយ៉ាងនេះក៏ដោយ អ្នកជំនាញនិយាយថា កំណែថ្មីដែលមានទម្ងន់ធ្ងន់ជាង អាចទប់ទល់នឹងខ្យល់ព្យុះដែលមានល្បឿន 28 គីឡូម៉ែត្រ/ម៉ោង៕