រុស្ស៊ីគឺជាប្រទេសដែលឈរលំដាប់ទីពីរនៅក្នុងតារាងចំណាត់ថ្នាក់ស្ដីពីបណ្ដាប្រទេសដែលផលិត និងលក់លសព្វាវុធច្រើនជាងគេលើពិភពលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក។
យោងតាមស្ថិតិរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) សហរដ្ឋអាម៉េរិកកំពុងនាំមុខគេនៅក្នុងវិស័យផលិត និងលក់អាវុធរបស់ពិភពលោក។ បន្ទាប់ពីសហរដ្ឋអាម៉េរិក គឺរុស្ស៊ី បារាំង ចិន និងអាល្លឺម៉ង់។
បរិមាណអាវុធរបស់សហរដ្ឋអាម៉េរិក ក្ដោបក្ដាប់ 40% លើទីផ្សារទូទាំងសកលលោក ក្នុងដំណាក់កាលពីឆ្នាំ 2018 ដល់ 2022 ហើយកើន 33% បើធៀបនឹង 5 ឆ្នាំមុននោះ។ ទីក្រុងវ៉ាស៊ីងតោន បច្ចុប្បន្នគឺជាអ្នកផ្គត់ផ្គង់អាវុធសំខាន់ជាងគេរបស់ប្រទេស និងដែនដីចំនួន 103 នៅទូទាំងពិភពលោក។
យោងតាម SIPRI 41% នៃសព្វាវុធដែលសហរដ្ឋអាម៉េរិកបានលក់ចេញគឺបាននាំចូលតំបន់មជ្ឈិមបូព៌ា ចាប់ពីឆ្នាំ 2018 ដល់ 2022។ តួលេខនេះនៅអាស៊ី និងអូសេអានីគឺ 32% ខណៈអឺរ៉ុបបានទិញចំនួន 23%។ ចាប់ពីឆ្នាំ 2022 ការផ្គត់ផ្គង់អាវុធរបស់សហរដ្ឋអាម៉េរិកសម្រាប់អ៊ុយក្រែន បានកើនឡើងខ្ពស់ខ្លាំង។
រុស្ស៊ីគឺជាប្រទេសដែលឈរលំដាប់ទីពីរនៅក្នុងការផ្គត់ផ្គង់អាវុធ ដោយកាន់កាប់ 16% នៃបរិមាណអាវុធសរុបដែលបានលក់ចេញនៅទូទាំងពិភពលោក។ ចំណែកលំដាប់ទីបីវិញ បានទៅលើប្រទេសបារាំង ដោយកាន់កាប់ចំណែកទីផ្សារ 11%។ ប្រទេសចិនឈរលេខរៀងទីបួន ដោយកាន់កាប់ 5.2% នៃទីផ្សារអាវុធ។ រីឯអាល្លឺម៉ង់វិញ ក្ដោបក្ដាប់ចំណែកទីផ្សារប្រមាណ 4.2% ត្រូវជាប់លេខប្រាំ៕